(កណ្តាល)៖ គ្រូបង្រៀនកម្រឹតមតេ្តយ្យ និងបឋមសិក្សា ៣៦នាក់ ក្នុងនោះមានស្រ្តី ២៥នាក់ មកពីសាលារៀនចំនួនបួនផ្សេងគ្នា នៅស្រុកស្អាង ខេត្តកណ្តាល បានចូលរួមវគ្គបណ្តុះបណ្តាលបន្ថែមអំពីបច្ចេកវិទ្យាព័ត៌មាន។ ការបណ្តុះបណ្តាលនេះធ្វើឡើងនៅការិយាល័យអប់រំស្រុកស្អាង មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៥ និងទី៦ ខែឧសភា។
ការអប់រំ ដើម្បីពង្រឹងសុវត្ថិភាពបច្ចេកវិទ្យាដល់គ្រូៗនេះ រៀបចំដោយអង្គការអែដ អេ អាក់ស្យុង ដែលហៅកាត់ថា អេ អ៊ី អេ ក្រោមកិច្ចសហការជាមួយនឹងការិយាល័យអប់រំស្រុកស្អាង និងឧបត្ថម្ភដោយមូលនិធិ Atlassian Fpundation វគ្គបណ្តុះបណ្តាល នេះបានផ្តោតជាពិសេសទៅលើការប្រើបា្រស់បច្ចេកវិទ្យាព័ត៌មាន ជាពិសេសគឺការប្រើប្រាស់ឧបករណ៍អេឡិកត្រូនិក ភ្ជាប់ជាមួយនឹងអ៊ិនធើណឹត ដើម្បីការសិក្សា និងស្រាវជ្រាវបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែម ដែលក្នុងនោះរួមមាន ការអាន ការសរសេរនិពន្ធ និងធ្វើយ៉ាងណាជួយជម្រុញកុមារក្នុងការអានឲ្យបានច្រើន។
វគ្គសិក្សាបានចាប់ផ្តើមឡើងដោយការរំឭកឡើងវិញនូវដំណើរការវិវត្តន៍របស់កុមារ និងចិត្តសាស្រ្តទាក់ទងនឹងកុមារ ក្នុងគោលបំណងជួយផ្តល់ជាការណែនាំដល់លោកគ្រូ អ្នកគ្រូ ធ្វើយ៉ាងណា ជម្រុញឲ្យកុមារប្រើបា្រស់បណ្ណាល័យ និងអាន ឲ្យបានច្រើនស្របទៅតាមគោលការណ៍ ដែលបានដាក់ចុះដោយក្រសួងអប់រំ។ បន្ទាប់មក លោកគ្រូ អ្នកគ្រូត្រូវបានបង្ហាត់បង្រៀនអំពីទស្សនាទាន នៃបច្ចេកវិទ្យាព័ត៌មានជាទូទៅ ផលប្រយោជន៍របស់វា រួចហើយផ្តោតទៅលើការប្រើបា្រស់ឧបករណ៍ថេប្លឹត(Tablet) ភ្ជាប់ទៅនឹងអ៊ិនធើណឹត ដើម្បីអាចចូលទៅមើលនិងប្រើបា្រស់កម្មវិធីអប់រំជាច្រើនមានដូចជាកម្មវិធី ខ្មែរបណ្ណាល័យ ខ្មែរអាន និងខ្មែរអ្នកនិពន្ធ ជាដើម ដែលត្រូវបានបង្កើតឡើងដោយអង្គការ អេ អ៊ី អេ ក្នុងគោលបំណងលើកកម្ពស់អំណាន និពន្ធ និងការសិក្សារៀនសូត្រតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលកាន់តែមានភាពងាយស្រួល និងកាន់តែមានប្រសិទ្ធភាព។
«វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់ ជាពិសេសសម្រាប់គ្រូបង្រៀនកម្រឹត១ ពីព្រោះថាកម្រឹត១គឺជាគ្រឹះនៃបឋមសិក្សា ហើយបឋមសឹក្សាគឺជាគ្រឹះនៃមធ្យម និងឧត្តមសិក្សា តទៅ ទៀត។ ដូច្នេះគ្រឹះរឹងមាំគឺជាការចាំបាច់ ដូចជាការសាងសង់ជាដើម» អ្នកស្រី ព្រាប សុខហួង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានមានប្រសាសន៍ក្នុងឪកាសបើកវគ្គបណ្តុះបណ្តាល។ «អង្គការអេ អ៊ី អេ បាននិងកំពុងផ្តល់នូវឧបករណ៍និងសម្ភារទំនើបៗដល់សាលាដូចជាឧបករណ៍ថេប្លឹតជាដើម ដែលមិនមែនគ្រាន់តែជួយឲ្យការសិក្សារៀនសូត្រ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានងាយស្រួលប៉ុណ្ណោះទេ តែថែមទាំងទាក់ទាញកុមារឲ្យចង់ប្រើបា្រស់ និងរៀនផងដែរ ជាពិសេសនៅតាមបណ្ណាល័យ» អ្នកស្រីបន្ថែម។
ក្រៅពីស្តាប់ការពន្យល់ និងការណែនាំបង្ហាញរួចហើយ លោកគ្រូ អ្នកគ្រូជាសិក្ខាកាមក៏ហ្វឹកហាត់អនុវត្តជាក់ស្តែងផងដែរ។ «ខ្ញុំសប្បាយរីករាយនឹងចូលរួមវគ្គបណ្តុះបណ្តាលនេះ ពីព្រោះវាជួយឲ្យខ្ញុំយល់ដឹងកាន់តែច្រើនថែមទៀត អំពីរបៀបប្រើបា្រស់ថេប្លឹត និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីស្វែងរកឯកសារល្អៗសម្រាប់អានផង និងរៀនសូត្របន្ថែមផង» លោកគ្រូ ឃឿង សំអុល មកពីសាលាបថមសិក្សាអង្គការាម និយាយអំពីវគ្គបណ្តុះបណ្តាលដែលលោកកំពុងចូលរួម។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃសកម្មភាពមួយចំនួនក្រោម គម្រោងសាកល្បងមួយមានរយៈពេល១ឆ្នាំ ដែលអនុវត្តដោយអង្គការ អេ អ៊ី អេ នៅតាមសាលារៀនចំនួន៤ ក្នុងខេត្តកណ្តាល។ គម្រោងនេះរួមមានការបង្កើតបណ្ណាល័យអេឡិកត្រូនិកដែលបំពាក់ដោយឧបករណ៍ថេប្លឹត អ៊ិនធើណឹត និងទូរទស្សន៍ ដែលទាំងគ្រូទាំងសិស្សអាចប្រើបា្រស់បានក្នុងការសិក្សា ស្រាវជ្រាវ អាន ឬនិពន្ធជាដើម ព្រមទាំងការបង្កើតកម្មវិធីអប់រំផ្សេងៗដែលអាចប្រើបា្រស់បានជាមួយនឹងឧបករណ៍ដូចជាទូរស័ព្ទដៃ និងថេប្លឹត ជាដើម។ គម្រោងនេះអាចនឹងពង្រីកទៅខេត្តផ្សេងៗទៀត ឬទូទាំងប្រទេសតែម្តង នៅពេលអនាគត៕
http://image.freshnewsasia.com/2016/019/03/fn-2016-05-09-10-21-59-1.JPG http://image.freshnewsasia.com/2016/019/03/fn-2016-05-09-10-21-59-2.JPG