(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថា វប្បធម៌ចែករំលែកធ្វើឲ្យកម្ពុជាអាចជម្នះនូវរាល់ឧបសគ្គនានា ពិសេសជំងឺកូវីដ-១៩ ហើយទទួលបានការកោតសរសើរគ្រប់ទិសទី។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណមូលី ហៅវត្តគគីរច្រាប ស្ថិតនៅភូមិគគីរច្រាប ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចក្រីបានថ្លែងកោតសរសើរ និងអបអរសាទរប្រកបដោយក្តីសប្បាយរីករាយចំពោះព្រះគ្រូចៅអធិការវត្ត ព្រះត្ថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង សប្បុរសជនជិតឆ្ងាយទាំងអស់ ជាពិសេសក្រុមការងារ ដែលបានចូលរួមចំណែកដ៏សំខាន់ ដោយបានបរិច្ចាកជាសម្ភារៈ ថវិកា កម្លាំងកាយចិត្ត ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើន ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ។

សម្តេចបានបញ្ជាក់ថា ព្រះវិហារ និងសមិទ្ធផលនានាដែលកំពុងរៀបចំពិធីបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើបា្រស់នាពេលនេះ គឺជាសក្ខីភាពមួយ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីតម្លៃនៃការចូលរួម និងការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងស្មារតី វប្បធម៌ នៃការចែករំលែក។

សម្តេចប្រធានរដ្ឋសភាបានបន្តថា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្នុងខណៈពេលដែលកម្ពុជាជួបនូវវិបត្តិជំងឺកូវីដ-១៩ ដែលបានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើវិស័យសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច វប្បធម៌នៃការចែករំលែកបានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើដ៏ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃនៃវប្បធម៌ចែករំលែក និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៍ណាមួយដែលជួបការលំបាក។ កាយវិការដ៏ប្រពៃនេះបានឆ្លាក់ជាប់ក្នុងក្រអៅបេះដូងនៃពលរដ្ឋខ្មែរប្រុសស្រី ក៏ដូចជាពលរដ្ឋបរទេសផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តទៀតថា វប្បធម៌នៃការចែករំលែកមានតម្លៃធំធេងនៅគ្រប់កាលទេសៈ ជាពិសេសនៅក្នុងគ្រាមានភ័យន្តរាយ ឬអាសន្នអន់ក្រ។ តាមរយៈភាពសស្រាក់សស្រាំក្នុងការការពារ និងជួយជនរងគ្រោះក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវមនុស្សជាតិនៃជំងឺរាតត្បាតកូវីដ-១៩ គេបានមើលឃើញយ៉ាងច្បាស់អំពីសិល្បៈនៃការចែករំលែកក្នុងចំណោមពលរដ្ឋខ្មែរ ដែលត្រូវបានគេគោរព និងកោតសរសើរក្រៃលែង។

សម្តេចបានសង្កត់ធ្ងន់ថា គុណធម៌របស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី ត្រូវបានពិភពលោកទទួលស្គាល់ និងគោរពកោតសរសើរបំផុត ចំពោះសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះការស្វែងរកជំនួយ ការទិញវ៉ាក់សាំងពីប្រទេសនានា និងការព្យាបាលអ្នកជំងឺកូវីដ រហូតជាសះស្បើយ ការផ្តល់ និងចាក់វ៉ាក់សាំងនៅកម្ពុជាដោយមិនប្រកាន់ជាតិសាសន៍ វណ្ណៈភាព និងមិនយកកម្រៃឡើយ។

ជាមួយក្តីសោមនស្សរីករាយជាទីបំផុត ចំពោះសមិទ្ធផលដែលបានកកើតឡើងនៅក្នុងវត្តសុវណ្ណមូលី ក៏ដូចជាការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ខេត្តត្បូងឃ្មុំ ដែលជាខេត្តមួយទើបបង្កើតក្រោយគេនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទឹកចិត្តឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហារបស់ឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត ឆ្លើយតបទៅនឹងតម្រូវការជាក់ ស្តែងរបស់ប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងលុបបំបាត់នូវរាល់អំពើអសកម្មទំាងឡាយ។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណជាតិ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះសម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣ កុំ ៣ ការពារ ដើម្បីទប់ស្តាត់ការឆ្លងរាលជំងឺកូវីដ ១៩ និងត្រូវបើកបរដោយត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ និងត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក៕