(ព្រះសីហនុ)៖ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តព្រះសីហនុ បានប្រកាសបញ្ចូលសមាជិកចំនួនជិត៣០០នាក់បន្ថែមទៀត ក្នុងឃុំអូរជៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មានប្រសាសន៍នៅក្នុងពីធីបញ្ចូល សមាជិកគណបក្សថ្មីនេះ លោក សាយ សំអាល់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ច របស់គណៈកម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំងព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។

ប្រធានក្រុមការងារ ក៏បានស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដោយស្មោះចំពោះបងប្អូនទាំងអស់ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងខ្សែជីវិតមករួមរស់ និងចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរបស់ប្រជាជន និងដើម្បីប្រជាជន ហើយជានិច្ចកាលបានរួមសុខរួមទុក្ខជាមួយប្រជាជន។

គួរឱ្យដឹងថា ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអូរជ្រៅ ក៏មានការអញ្ជើញចូលរួមពីលោក លូ គឹមឈន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃនប់ ព្រមទាំង លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្រុក និងឃុំជាច្រើនរូបទៀត៕