(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល ចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងយកអំណោយ ជាឱសថ មុងជ្រលក់ថ្នាំ គ្រឿងឧបភោគបរិភោគមួយចំនួន ទៅប្រគល់ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារកងទ័ពទាំងអស់។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការ ការពារជាតិផង និងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផង។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលជិតឈានមកដល់នាពេលខាងមុខនេះ លោកសាស្រ្តាចារ្យបានជូនសព្វសាធុការពរឆ្នាំថ្មីជូនដល់ នាយទាហាននាយទាហានរង ពលទាហាន និងក្រុមគ្រួសារកងទ័ពទាំងអស់ ឲ្យជួបតែសេចក្តីសុខគ្រប់ប្រការ ព្រមទាំងបានផ្តាំផ្ញើឲ្យបងប្អូនចេះថែ រក្សាសុខភាព រស់នៅមានអនាម័យល្អ ចេះការពារកុំឲ្យមានការចម្លងរោគ ឬជំងឺដង្កាត់ផ្សេងៗ ជាពិសេសការពារការចំលងជំងឺកូវីដ១៩ ដោយអនុវត្តនូវ វិធានការបីកុំបីការពារអោយបាន ខ្ជាប់ខ្ជួន និងចូលរួមចាក់វ៉ាក់សាំងកូវីត១៩ អោយបានគ្រប់ៗគ្នា។

លោកសាស្រ្តាចារ្យដ្ឋមន្រ្តី បានចូលរួមពិធីកាត់ខ្សែបូរណ៌ដាក់អោយប្រើប្រាស់ អគារទីបញ្ជា វរៈសេនាតូចថ្មើរជើង៥១៤ ចំណុះឲ្យកងពលតូច ថ្មើរជើងលេខ ៥១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រសួងសុខាភិបាលផងដែរ៕