(សៀមរាប)៖ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៃក្រសួងមហាផ្ទៃ បានជំរុញឲ្យនគរបាលទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប ពិសេសនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ស្របពេលដែលរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្ត។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីនៃអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែជំរុញឲ្យនគរបាលទាំងអស់ ត្រូវត្រួតពិនិត្យទៅលើសកម្មភាពកងកំលាំង ធ្វើយ៉ាងណាប្រមូលផ្តុំដើម្បីការពារ សុវត្តិភាពប្រជាពលរដ្ឋ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

លោកប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានបន្តទៀតថា នគរបាលទេសចរណ៍ត្រូវការពារភ្ញៀវជាតិ និងអន្តរជាតិ ធ្វើយ៉ាងណាកុំឲ្យមានអំពើឆក់ ប្លន់ និងបញ្ហាបាត់របស់របរ ឬសម្ភាររបស់ភ្ញៀវដែលមកកម្សាន្តក្នុងខេត្តសៀមរាប ឬពិធីសៀមរាបសង្ក្រាន្ត ដែលគ្រោងរៀបចំនាពេលឆាប់ៗខាងមុខនេះ។ លោកបន្តទៀតថានគរបាលទេសចរណ៍ត្រូវទទួលខុសត្រូវ ហើយថែមទាំង សង្រ្គោះភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបញ្ហានៅតំបន់ទេសចរណ៍ដែលស្ថិតក្រោមការគ្រប់គ្រង ត្រូវសង្រ្គោះបន្ទាន់ ក៏ដូចជាការសង្រ្គោះបឋម ហើយក្នុងរយៈកាលកន្លង កំលាំងទាំងមូលធ្វើបានល្អប្រសើរហើយ នៅក្នុងខេត្តសៀមរាបនេះ។

លោក ក៏បានកោតសរសើរចំពោះប្រធានអង្គភាព ដែលតែងតែរៀបចំគ្រប់គ្រងកំលាំងបានល្អ និងជំរុញឲ្យមន្រ្តីនគរបាលទេសចរណ៍ ក្នុងឱកាសសៀមរាបសង្ក្រាន្ត កងកំលាំងនគរបាលត្រូវរឹតបន្តឹងត្រួតពិនិត្យ ចំពោះបទល្មើស ឆក់ ប្លន់ ត្រូវបង្ក្រាបឲ្យបាន។ ដោយឡែកចំពោះបទល្មើសក្នុងឆ្នាំ២០២១កន្លងទៅ មានការថយចុះ គួរឱ្យកត់សម្គាល់ ដោយសារការព្យាយាមថែរក្សាសណ្តាប់សុវត្ថិភាព របស់នគរបាលទេសចរណ៍ និងមិនមានទេសចរមកកម្សាន្តច្រើនដូនមុន ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ផងដែរ៕