(មណ្ឌលគិរី)៖ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសព្វព្រះទ័យប្រោសព្រះរាជទានសមិទ្ធផលថ្មីមួយចំនួន មានអណ្ដូងទឹកស្អាតចំនួន៣ ស្ថានីយលាងដៃចំនួន៧ និងបង្គន់អនាម័យចំនួន១ខ្នងមាន៤បន្ទប់ ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សក្នុងវិទ្យាល័យចំនួន១ និងសាលាបឋមសិក្សាចំនួន៦ នៅស្រុកកោះញែក និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ពិធីប្រគល់និងទទួលព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១កាកបាទក្រហមកម្ពុជា លោកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងលោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ព្រមទាំងមានវត្តមានរបស់សមាជិក-សមាជិកា យុវជន អ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងអាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រី មែន នារីសោភ័គ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលព្រះអង្គ និងសម្ដេចតែងតែមានក្ដីនឹករលឹក និងការអាណិតអាសូរជានិច្ចចំពោះប្រជាពលរដ្ឋគ្រប់ទិសទី ពិសេសប្រជាពលរដ្ឋដែលជួបការលំបាក។
លោកស្រីអគ្គលេខាធិការងទី១កាកបាទក្រហមកម្ពុជាបានលើកឡើងថា ក្នុងឱកាសពិធីចម្រើនជន្មាយុសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២១ ហ្លួងម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គចំនួន២ម៉ឺនដុល្លារអាម៉េរិកជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហើយដោយមើលឃើញពីការលំបាក និងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងសាលា និងតាមសហគមន៍នៅឆ្ងាយដាច់ស្រយាល ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានសម្រេចយកព្រះរាជទ្រព្យទាំងនោះមកជីកអណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក និងស្រុកកែវសីមានេះ។
លោកស្រីបានបន្តទៀតថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ផង ហើយស្របពេលនឹងការបើកសាលាឱ្យសិស្សបានចូលរៀនសូត្រឡើងវិញ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានសម្រេចឱ្យមានការសាងសង់ស្ថានីយលាងដៃជូនដល់សាលាចំនួន៧ នៅស្រុកកោះញែក និងស្រុកកែវសីមា សម្រាប់ការប្រើប្រាស់លើកកម្ពស់សុខភាពអនាម័យ និងចូលរួមកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។
ជំនួសមុខឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោក ទូច សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន កោះញែក បានសម្តែងនូវក្តីរំភើបរីករាយ និងពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែងដោយបានទទួលនូវសមិទ្ធផលថ្មីសន្លាង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ហ្លួងម៉ែ នរោត្ត មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវអណ្ដូងចំនួន១កន្លែង ដែលបំពាក់ដោយម៉ូទ័របូមស្វ័យប្រវត្តិ ស្ថានីយលាងសម្អាតដៃចំនួន៣កន្លែង និងបន្ទប់ទឹកអនាម័យ១ខ្នងចំនួន៤បន្ទប់ ព្រមទាំងសូមថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែងតទៅ។
សូមជម្រាបជូនថា ក្នុងឱកាសនោះក៏មានការប្រគល់វត្ថុអនុស្សាវរីយ៍មួយចំនួន ដែលមានដូចជាសៀវភៅសរសេរ ប៊ិច សាប៊ូដុំ និងថវិកាមួយចំនួនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងពិធី និងជូនដល់សាលាចំនួន៥ក្នុងស្រុកកោះញែក និងសាលាចំនួន២ ក្នុងស្រុកកែវសីមាផងដែរ។ ដោយឡែកស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួចចំនួន១០គ្រួសារ ដែលមានវត្តមាននាឱកាសនោះក៏ទទួលបានអំណោយមនុស្សធម៌ រួមមាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀលទៀតផង៕