(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី១២ នឹងរៀបចំឡើងដោយផ្ទាល់នៅប្រទេសកម្ពុជា នៅក្នុងឆ្នាំនេះ។ នេះបើតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ដំណឹងនេះបង្ហាញឡើងនៅក្នុងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រី បានបញ្ចប់បេសកកម្មការងារនៅកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «លោក ប្រាក់ សុខុន និងលោកស្រី Pauline Tamesis ក៏បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ.ស.ប. និងការចូលរួមរបស់លោកអគ្គលេខាធិការអ.ស.ប. ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អ.ស.ប. លើកទី១២ ដែលនឹងប្រារព្ធឡើង ក្នុងទម្រង់រូបវ័ន្ត (physical format) ក្នុងប្រទេសកម្ពុជានៅឆ្នាំនេះ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា»។

បើតាមក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីវិស័យមួយចំនួន ដែលត្រូវយកចិត្តទុកដាក់នៅក្នុងកិច្ចប្រជុំកំពូល រួមមានក្របខណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ការបន្ស៊ីគ្នារវាងទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនិងរបៀបវារៈគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ ការការពារបរិស្ថាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យមីន ពលករទេសន្តរប្រវេសន៍ ជាដើម។

សូមជម្រាបថា ក្នុងភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ គឺមានកិច្ចប្រជុំសំខាន់ៗចំនួន ៤ដែរ រួមមាន៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) ដែលបានធ្វើនៅពាក់កណ្តាលខែមីនារួចហើយ មុនពេលដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៥៥ (55 AMM Retreat and Related Meetings) នឹងធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា, កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នឹងធ្វើឡើងនៅខែវិច្ឆិកា, និងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ (40th & 41th ASEAN Summits) ដែលនឹងគ្រោងធ្វើឡើង នៅខែវិច្ឆិកា ដូចគ្នាដែរនោះ៕