(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង បានប្រកាសថាខ្លួននឹងធ្វើការពង្រឹង និងពង្រីកការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួន ឲ្យបានទាំងគុណភាព និងបរិមាណ។ នេះបើតាមការផ្សាយរបស់ សារព័ត៌មាន Channel News Asia នៅមុខនេះបន្តិច នាថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦។
សេចក្តីសម្រេចខាងលើនេះ បានធ្វើឡើងបន្ទាប់ពីការពិនិត្យរបាយការណ៍ការងារ នៅក្នុងសមាជ កំពូលរបស់គណបក្សពលករកូរ៉េ ដែលមិនធ្លាប់កើតមានរយៈពេល ៣៦ឆ្នាំមកហើយ។ សមាជ ខាងលើនេះដែរ បានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ស្ថិតនៅក្នុងគោលដៅបង្កើនការក្តោបក្តាប់អំណាច របស់លោក គីម ជុងអ៊ុន ដែលក្នុងនោះមេដឹកនាំវ័យ ៣៣ឆ្នាំរូបានធ្វើការរៀបចំអំណាចក្នុងបក្សឡើងវិញ ដើម្បីឲ្យខ្លួនឯង និងសាច់ញាតិ អាចឈរជើងយ៉ាងរឹងមាំចំពោះមុខអន្តរជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ លោក គីម ជុងអ៊ុន បានថ្លែងក្នុងការបិទសមាជបក្សកាលពីថ្ងៃអាទិត្យ ថា កូរ៉េខាងជើងហ្នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារប្រទេសណាមួយឡើយ ប៉ុន្តែខ្លួននឹងប្រើប្រាស់វាក្នុងការទប់ទល់នឹងពួកឈ្លានពាន ឬមានចេតនាអាក្រក់មកលើ កូរ៉េខាងជើង។ បន្ថែមពីនេះការអភិវឌ្ឍសេដ្ឋកិច្ច ក៏ត្រូវបានអះអាងថា នឹងធ្វើឡើងឲ្យប្រសើរជាង មុនផងដែរ ក្នុងសម័យកាលរបស់លោក គីម ជុងអ៊ុន នេះ៕