(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៤-៨ ខែមេសាឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន១០គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ។

រថយន្តគ្មានពន្ធទាំង១០គ្រឿងរួមមាន៖

1-រថយន្តម៉ាក Lexus RX350 ឆ្នាំ2007 ចង្កូតឆ្វេង ពាក់ផ្លាកលេខក្លែងក្លាយ
2-រថយន្តម៉ាក Lexus RX450h ឆ្នាំ2008 ចង្កូតឆ្វេងពាក់ផ្លាកលេខ ខម
3-រថយន្តម៉ាក Lexus RX300 ឆ្នាំ2002 ចង្កូតឆ្វេង ពាក់ផ្លាកលេខក្លែងក្លាយ
4-រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ព៌ណស ឆ្នាំម៉ូដែល 2005 កំលាំងសេស 3300 cc
5-រថយន្ត Lexus RX 350 ពណ៌ស ចង្កូតឆ្វេង ពាក់ផ្លាកលេខក្លែងក្លាយ
6-រថយន្តម៉ាក Lexus LX460 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០១២ ពាក់ផ្លាកលេខក្លែងក្លាយ
7- រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១៣ ពាក់ផ្លាកលេខក្លែងក្លាយ
8- រថយន្តម៉ាក Toyota Tundra ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១៦
9- រថយន្តម៉ាក TOYOTA LANDCRUISER ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០១៥
10- រថយន្តម៉ាក LEXUS NX300 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០១៨

សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេង និងរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ដោយទទួលបានទឹកប្រាក់ពន្ធជិត៥០លានដុល្លារ។

បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News ធ្លាប់បានអំពាវនាវដល់ម្ចាស់រថយន្តគ្មានពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ សូមចូលមកបង់ពន្ធឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែមិនទទួលបានការអនុគ្រោះ១០%ដូចមុនឡើយ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់រថយន្តចង្កូតឆ្វេង ម្ចាស់នៅតែអាចចូលមកបង់ពន្ធ បានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែពុំទទួលបានការអនុគ្រោះពន្ធ ១០% ដូចមុនទៀតទេ។ សម្រាប់រថយន្តចង្កូតស្តាំ ម្ចាស់អាចមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ-អាករដក១០% ហើយយករថយន្តរបស់ខ្លួន ទៅកែចង្កូតពីស្តាំមកឆ្វេង។ ឱសានវាទថ្ងៃបញ្ចប់យុទ្ធនាការប្រមូលពន្ធ និងអាករលើរថយន្តមានស្រាប់ក្នុងប្រទេស និងជ្រកក្រោមផ្លាកលេខផ្សេងៗ គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ យានយន្តគ្មានពន្ធ ដែលបានបង្ក្រាបនឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះជាគ្រឿងបន្លាស់។ ជាមួយនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបដូចភ្លៀងរលឹមចំពោះរថយន្តអត់ពន្ធដែលចរាចរលើដងផ្លូវ៕