(ស្ទឹងត្រែង)៖ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរបរិស្ថាន និងអង្គការមូលនិធិ សកលសម្រាប់ធម្មជាតិ WWF ព្រមទាំងសហគមន៍ក្នុងខេត្តស្ទឹងត្រែង ដែលជាដៃគូសហការក្នុងការងារអភិរក្ស នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ បានបើកយុទ្ធនាការអន្ទាក់សូន្យ ដែលមានរយៈពេល១ខែ។
នាឱកាសនោះដែរ មន្ត្រីឧទ្យានុរក្ស អាជ្ញាធរខេត្ត អង្គការដៃគូ រួមនឹងសហគមន៍តំបន់ការពារធនធានធម្មជាតិទាំងអស់ នៅក្នុងខេត្តស្ទឹងត្រែង បានប្រកាសរួមគ្នា បញ្ចប់វិបត្តិអន្ទាក់គ្រប់រូបភាព នៅក្នុងតំបន់ការពារធនធានធម្មជាតិរបស់ខ្លួនឱ្យបានម៉ឹងម៉ាត់បំផុត ដែលមានរយៈពេល១ខែ ឱ្យស្របទៅតាមយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិ ដែលដាក់ចេញដោយក្រសួងបរិស្ថាន រយៈពេល៦ខែ កាលពីថ្ងៃទី៣ ខែមេសា នៅតាមបណ្តាខេត្តគោលដៅដែលក្នុងនោះ ខេត្តស្ទឹងត្រែង គឺជាខេត្តទី១ នៃការធ្វើយុទ្ធនាការនេះ ទី២៖ ខេត្តក្រចេះ ទី៣៖ ខេត្តមណ្ឌលគីរី ទី៤៖ ខេត្តរតនគិរី ទី៥៖ ខេត្តព្រះវិហារ និងទី៦៖ ខេត្តកំពង់ធំ។
មន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្សខេត្តស្ទឹងត្រែងទាំងអស់ ជាពិសេសដែនជម្រកសត្វព្រៃ ព្រៃឡង់ បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងផ្សព្វផ្សាយ ក្នុងការលុបបំបាត់អន្ទាក់ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ព្រមទាំងនឹងខិតខំប្រឹងប្រែងបន្តទៀត ក្នុងការដកអន្ទាក់ និងប្រមូលកាំភ្លើងកែច្នៃក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងតំបន់ការពារធនធានធម្មជាតិផ្សេងៗទៀត ក្នុងខេត្តស្ទឹងត្រែង ឱ្យអស់។
បើតាមតំណាងសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ក្នុងខេត្តស្ទឹងត្រែង សូមធ្វើការប្តេជ្ញាចិត្តក្នុងការបញ្ចប់វិបត្តិអន្ទាក់ ក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិ ដោយចុះល្បាតក្នុងព្រៃសហគមន៍ជារៀងរាល់ខែ តាមផែនការកំណត់ ព្រមទាំងប្ដេជ្ញាការពារព្រៃសហគមន៍តំបន់ការពារធម្មជាតិ ឱ្យបានគង់វង្ស ដើម្បីបន្តដល់កូនចៅជំនាន់ក្រោយប្រើប្រាស់។
តំណាងសហគមន៍បានប្រកាសយ៉ាងដូច្នេះថា៖ «ថែរក្សា ការពារសត្វព្រៃ ដែលមានក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិរបស់យើងខ្ញុំ, សូមប្តេជ្ញាចិត្តមិនឱ្យមានការដាក់អន្ទាក់ ក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិ, រាយការណ៍ជូនសម្ថកិច្ចពេលមានការជួញដូរសត្វព្រៃ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ, បន្តអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បញ្ឈប់ការបរបាញ់ ដាក់អន្ទាក់ និងការប្រើប្រាស់អាវុធកែច្នៃក្នុងព្រៃ សហគមន៍តំបន់ការពារធម្មជាតិ ក៏ដូចជាក្នុងតំបន់ការពារធម្មជាតិ និងផ្សព្វផ្សាយច្បាប់ស្តីពី សហគមន៍តំបន់ការពារធម្មជាតិ ដល់ប្រជាសហគមន៍ក្នុងមូលដ្ឋានយើងខ្ញុំ»។
ព្រះតេជៈព្រះគុណ ថូ ធូរស់ ព្រះវិន័យធរគណខេត្តឧត្តរមានជ័យ និងជាព្រះប្រធានសង្ឃរុក្ខាវ័ន បានមានសង្ឃដីកាថា៖ «ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប រាប់ទាំងព្រះសង្ឃផងដែរ មានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការចូលរួមការពារ និងស្ដារឡើងវិញនូវចំនួនសត្វព្រៃ និងធនធានធម្មជាតិកម្ពុជា។ ព្រះសង្ឃកម្ពុជាទទួលស្គាល់ពីសារៈសំខាន់នៃតួនាទីរបស់ខ្លួនក្នុងការផ្សព្វផ្សាយដើម្បីបញ្ចៀបពុទ្ធឱវាទដែលមានឥទ្ធិពលវិជ្ជមានក្នុងការអប់រំ និងអាចកែប្រែឥរិយាបថ និងជំនឿដែលពុំមានមូលដ្ឋានត្រឹមត្រូវរបស់អ្នកនិយមបរិភោគសាច់ព្រៃ ឬជាវផលិតផលពីសត្វព្រៃ»។
ព្រះតេជគុណ ថូ ធូរស់ បានមានសង្ឃដីកាថាបន្ថែមថា៖ «ព្រះសង្ឃចាំបាច់ចូលរួមតាមរយៈការផ្តល់ធម៌ទេសនា ឬជជែកជាប្រចាំជាមួយពុទ្ធសាសនិកដោយបញ្ចៀបនូវសារសំខាន់ៗអំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃកម្ពុជា និងភាពចាំបាច់ក្នុងការកាត់បន្ថយតម្រូវនៃសាច់ និងផលិតផលសត្វព្រៃ»។
បើតាមលោក សេង ទៀក ប្រធានអង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) ជាតំណាងឱ្យអង្គការដៃគូរួមមាន៖ អង្គការអភិរក្សអន្តរជាតិ (CI), អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA), គម្រោងព្រៃឡង់បៃតង (GPL) and អង្គការ RECOFTC សូមសម្តែងការអបអរសារទរ និងសូមគាំទ្រយ៉ាងពេញទំហឹងដល់គំនិតផ្តួចផ្តើមរៀបចំជាយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដោយក្រសួងបរិស្ថាន រយៈពេល៦ខែ ក្រោមកិច្ចសហការជាមួយដៃគូរអង្គការពាក់ព័ន្ធ។
លោក សេង ទៀក ខេត្តស្ទឹងត្រែង គឺជាចំនុចចាប់ផ្តើមដំបូងគេបង្អស់នៃយុទ្ធនាការអន្ទាក់សូន្យ ក្នុងបណ្តាខេត្តទាំង៦ មាន៖ ស្ទឹងត្រែង រតនគីរី ក្រចេះ មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ ដែលជាខេត្តគោលដៅសម្រាប់យុទ្ធនាការនេះ។ ដោយហេតុថាខេត្តទាំងនេះ មានតំបន់ការពារធម្មជាតិជាច្រើនដែលកំពុងប្រឈម និងវិបត្តិអន្ទាក់ធ្ងន់ធ្ងរ ការបំពុលសត្វ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។ បទល្មើសទាំងនេះចាំបាច់ត្រូវតែបញ្ឈប់ជាបន្ទាន់ បើពុំនោះទេសត្វព្រៃរបស់យើងមួយចំនួន នឹងបាត់បង់ពូជក្នុងរយៈពេលដ៏ខ្លីខាងមុខនេះជាមិនខាន។
លោកបានឱ្យដឹងថា ផ្អែកតាមរបាយការណ៍របស់អង្គការ WWF ក្នុងឆ្នាំ២០២០ ស្តីពី ភាពស្ងាត់ស្ងៀមនៃអន្ទាក់ និងវិបត្តិអន្ទាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប៉ាន់ប្រម៉ាណថា អន្ទាក់ប្រហែល ១២.៣លាន បាននឹងកំពុងគំរាមគំហែងសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ចំនួន១១កន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ឡាវ និងកម្ពុជា។
ក្នុងរបាយការណ៍នេះផងដែរ ក៏បានលើកឡើងថា អន្ទាក់ជាង២៣ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ៥ កន្លែងក្នុងប្រទេសកម្ពុជា នៅក្នុងរយៈពេល ៩ឆ្នាំកន្លងទៅនេះ (២០១០-២០១៩)។ តំបន់ការពារធម្មជាតិទាំងនោះមានតំបន់ការពារជួរភ្នំក្រវាញ, ដែនជម្រកគូលែនព្រហ្មទេព, ដែនជម្រកកែវស៊ីមា, ដែនជម្រកស្រែពក និងដែនជម្រកភ្នំព្រេច។ អន្ទាក់ គឺជាដើមចមសំខាន់ដែលធ្វើឱ្យមានការបាត់បង់សត្វព្រៃសំខាន់ៗនៅកម្ពុជាដូចជា៖ ខ្លាធំ និង អន្ទាក់នាំដល់ការថយចុះប្រភេទសត្វព្រៃមួយចំនួនយ៉ាងគំហុគនិងលឿនបំផុតដូចជា៖ ខ្លារខិន ខ្លាពពក ឆ្មាដាវ ឆ្កែព្រៃ ខ្លាឃ្មុំ និងឈ្មុសប្រែង ជាដើម។ល។
ផ្អែកលើលទ្ធផលតាមដានសត្វព្រៃប្រភេទក្រចកជើងជំពាម រយៈពេល១០ឆ្នាំ(២០១០-២០២០) របស់ក្រសួងបរិស្ថាន និងអង្គការ WWF ក្នុងដែនជម្រកសត្វព្រៃ ស្រែពក និងភ្នំព្រេចក្នុងខេត្តមណ្ឌលគិរី និងក្រចេះបញ្ជាក់ថា ចំនួនសត្វទន្សោងថយចុះ ៧២% ឈ្នួសថយចុះ៥២% និងជ្រូកព្រៃថយចុះ១៨%។ តួរលេខអន្ទាក់ដែលប្រមូលបានក្នុងតំបន់ដែនជម្រកសត្វព្រៃទាំង២នេះ ក្នុង១ឆ្នាំៗ ចាប់តាំងពីឆ្នាំ២០១៣ មកដល់ឆ្នាំ២០២០ គិតជាមធ្យមប្រហែលជាង ៤,០០០អន្ទាក់ អន្ទាក់ខ្សែភ្លើងឆក់ប្រវែង ១,៣០០ម៉ែត្រ កាំភ្លើងកែច្នៃរាប់រយដើម និងការបណ្តើរឆ្កែចាប់សត្វព្រៃមានជាច្រើនករណីផងដែរ។
ក្នុងឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ចំនួនអន្ទាក់ដោះបានមានរហូតដល់ ១២,០៥០អន្ទាក់ និងអន្ទាក់ខ្សែភ្លើងឆក់ប្រវែង ៣,៦៣០ខ្សែ។ រយៈពេលចុងក្រោយនេះ ការដាក់អន្ទាក់សត្វព្រៃមានការកើនឡើង ៣ដង បើធៀបនិងបណ្តាឆ្នាំមុនៗ។ នេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំងពីវាសនា និងអនាគតសត្វព្រៃរបស់យើង។
សូមជម្រាបផងដែរថា ចំនួនអន្ទាក់ ដែលមន្ត្រីឧទ្យានុរក្ស និងក្រុមល្បាតសហគមន៍ប្រមូលបានពីព្រៃក្នុង១ឆ្នាំៗ នេះតំណាងឱ្យតែ ២០% នៃចំនួនអន្ទាក់ ដែលមានក្នុងព្រៃតែប៉ុណ្ណោះ ៨០% នៃអន្ទាក់ គឺស្ថិតនៅក្នុងព្រៃនៅឡើយ និងនៅរង់ចាំសត្វព្រៃគ្រប់ប្រភេទដើរចូល។ នេះហើយដែលគេហៅថា ឃាតករស្ងាត់ស្ងៀម និងសម្លាប់ដោយគ្មានរើសមុខ៕