(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញមកច្រានចោលចំពោះការប្រឌិតព័ត៌មាន ពាក់ព័ន្ធករណីប្លន់ម៉ូតូ នៅចំណុចផ្លូវ៤៣០ ក្រោយមន្ទីរពេទ្យរុស្ស៉ី ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ នៅលើបណ្ដាញសង្គម Facebook។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គណនីឈ្មោះ «Mak Mak David» បានសរសេរបង្ហោះព័ត៌មានមិនពិតក្នុងបណ្តាញសង្គម Facebook ខណៈដែលករណីនេះជនរងគ្រោះជិះម៉ូតូដួលដោយខ្លួនឯង មិនមានអំពើប្លន់ដូចការចែកចាយនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ទទួលបានព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក និងកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះស្រាវជ្រាវដល់ទីកន្លែង មើលកាមេរ៉ាសុវត្ថិភាព និងការឆ្លើយបំភ្លឺពីសាក្សីនៅកន្លែងកើតចំនួន២នាក់ ជាអ្នកលក់ដូរតាមបណ្តោយផ្លូវ៤៣០។

ជាលទ្ធផល បានបញ្ជាក់ថា ពុំមែនជាករណីប្លន់នោះទេ គ្រាន់តែជិះម៉ូតូដួលដោយខ្លួនឯងតែប៉ុណ្ណោះ ហើយពួកគាត់ក៏បានជួយលើក និងបានជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសថែមទៀតផង។

ពេលនេះសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កំពុងធ្វើការស្រាវជ្រាវដើម្បីកោះហៅអ្នកសារព័ត៌មាន ក៏ដូចជាបុគ្គលមួយចំនួន ដែលបានបំផុសព័ត៌មានមិនពិត បង្កឲ្យមានអសន្តិសុខដល់សង្គមជាតិ ជាពិសេសធ្វេីឲ្យមជ្ឍដ្ឋានទូទៅមានការយល់ច្រឡំ៕