(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ បន្តធ្វើការចុះតាមដានជា ប្រចាំនៅតំបន់ចាស់ និងថ្មី ដែលប្រឈមនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់ និងបញ្ហាខ្យល់កន្ត្រាក់បក់រលំ និងរបើកដំបូងផ្ទះរបស់ជាប្រជាពលរដ្ឋ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយភ្លាមៗជូនពួកគាត់។
ជាមួយគ្នានេះតាមរយៈ Facebook នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណោះស្រាយចែកចាយទឹក ចាំបាច់ជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងកង្វះខាតទឹកទទួលទាន គឺកំពុងបន្តធ្វើនៅទូទាំងប្រទេស ព្រោះនៅពេលនេះ ភ្លៀងធ្លាក់មិនបានផ្តល់ទឹកគ្រប់គ្រាន់នៅឡើយ។ រីឯដំណោះស្រាយសម្រាប់ទប់ស្កាត់រយៈពេលវែង ក៏កំពុងធ្វើយ៉ាងសកម្មដូចជា ជីក និងស្តារស្រះថ្មី ស្រះចាស់ ជីកនិងស្តារអណ្តូងថ្មីអណ្តូងចាស់ ព្រមទាំងប្រឡាយ និងអាងស្តុកទឹកតូចធំនៅតាមបណ្តាខេត្តនានា។ យើងបន្តធ្វើលុះត្រាណាមានភ្លៀងធ្លាក់មានទឹកគ្រប់គ្រាន់។
សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «សូមអាជ្ញាធរមានសមត្ថកិច្ច ចុះតាមដានជាប្រចាំ នៅក្នុងតំបន់ប្រឈមទាំងថ្មីចាស់ ដែលកំពុងមានបញ្ហាអត់ទឹក និងបញ្ហាបាក់លំនៅដ្ឋាន ឬសាលារៀនជាដើម។ ចំពោះបងប្អូនដែលត្រូវការជំនួយចាំបាច់បន្ថែម សូមទាក់ទងកាកបាទក្រហមជាបន្ទាន់។ សូមអាជ្ញាធរ និងក្រសួងពាក់ព័ន្ធខិតខំដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់សភាពការណ៍»។
លើសពីនេះទៅទៀតនោះ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «តាមរយៈសកម្មភាពសប្បុរធម៌ របស់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែឧសភាម្សិលមិញ យើងទទួលបានថវិកាបន្ថែមមួយចំនួនទៀត សម្រាប់ជួយបងប្អូនប្រជាពលរដ្ឋ ហើយយើងក៏អាចចែករំលែកបន្តជូនទៅមន្ទីរពេទ្យគន្ឋបុប្ផា ដើម្បីជួយសង្រ្គោះជីវិតកុមារ ដែលកំពុងត្រូវការសង្រ្គោះបន្ទាន់។ សូមឲ្យវប្បធម៌ចែករំលែកស្ថិត ក្នុងបេះដូងពលរដ្ឋគ្រប់គ្នាជារៀងរហូត»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណសប្បុរសជនទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការភ្នាក់ងារជាតិ និងអន្តរជាតិ ព្រមទាំងយុវជនដែលបានចូលរួមយ៉ាង សកម្មក្នុងសកម្មភាពមនុស្សធម៌ ជាពិសេសសកម្មភាពចុះចែកចាយទឹកជូន បងប្អូនប្រជាពលរដ្ឋ៕