(ភ្នំពេញ)៖ មួយរយៈពេលថ្មីៗនេះមានករណីប្លន់កើតឡើងជាហូរហែរ បង្កដោយក្រុមក្មេងស្ទាវមានគ្នាច្រើន ប្រើ ដាវ កាំបិត ដំបង រឺវត្ថុរឹងផ្សេងៗ ដេញវាយជនរងគ្រោះយកម៉ូតូ ទូរស័ព្ទ កាបូបលុយ និងទ្រព្យសម្បត្តិមានតម្លៃជាច្រើនទៀត ធ្វើឲ្យអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើនការល្បាតជារៀងរាល់យប់ និងស្រាវជ្រាវរហូតឈានដល់ការចាប់បានក្រុមចោរប្លន់ទាំងនោះជាបន្តបន្ទាប់។
ជាក់ស្តែងនៅថ្ងៃទី០៦ ឧសភា ឆ្នាំ២០១៦ អាវុធហត្ថខណ្ឌដូនពេញ បានបញ្ជូនចោរប្លន់ម្នាក់ក្នុងចំណោមបក្ខពួក០៦នាក់ ទៅតុលាការ មានឈ្មោះថា៖ សារឹម រស្មី (ហៅ បឿន) ជានិស្សិតឆ្នាំទី១ នៃសកលវិទ្យាល័យភូមិន្ទចំការដូង ដែលជនសង្ស័យម្នាក់នេះត្រូវបានចាប់ខ្លួន ខណៈដែលក្រុមវា បានប្រើខ្សែក្រវ៉ាត់វាយបែកក្បាលជនរងគ្រោះម្នាក់ ប្លន់យកម៉ូតូមួយគ្រឿងម៉ាក MSX នៅសង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ បន្ទាប់មកនៅយប់ថ្ងៃទី០៦ ឧសភា ឆ្នាំ២០១៦នោះដែរ អាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវចាប់បានជនសង្ស័យមា្នក់ទៀតជាមេខ្លោងឈ្មោះ ហ៊ុន ណា (ហៅអាធ្មេញ) អាយុ១៩ឆ្នាំ។
តាមចម្លើយសារភាពរបស់ក្រុមចោរទាំងនេះបានប្រាប់ថា៖
កន្លងមកក្រុមវាច្រើនតែធ្វើសកម្មភាពវាយសិស្សសាលាទួលទំពូងយកលុយ និងក្នុងឆ្នាំ២០១៦ថ្មីៗនេះ ពួកវាបានធ្វើសកម្មភាពឆក់ប្លន់ចំនួន០៤លើក គឺលើកទី១ វាយជនរងគ្រោះយកទូរស័ព្ទដៃនៅម្តុំអតីតរោងកុនគីរីរម្យ, លើកទី២ វាយជនរងគ្រោះយកម៉ូតូមួយគ្រឿង នៅម្តុំផ្លូវចូលវត្តដំបូកខ្ពស់, លើកទី៣ ឆក់ខ្សែក នៅម្តុំផ្លូវចូលវត្តដំបូកខ្ពស់ និងលើកទី៤ វាយជនរងគ្រោះបែកក្បាលប្លន់យកម៉ូតូមួយគ្រឿង នៅសង្កាត់ផ្សារថ្មីទី៣ ហើយត្រូវអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបាន។ បក្ខពួក៤នាក់ទៀតដែលបានគេចខ្លួនរួមមាន៖ ១.ឈ្មោះ ស្នា អាយុ១៩ឆ្នាំ, ២.ឈ្មោះ ហាំង អាយុ២៤ឆ្នាំ, ៣.ឈ្មោះ ឆាយ អាយុ១៩ឆ្នាំ, និង ៤.ឈ្មោះ តុលា មិនដឹងអាយុ ។
ជាមួយគ្នានោះដែរ ក្រុមល្បាតរបស់អាវុធហត្ថខណ្ឌមានជ័យ ក៏បានឃាត់ខ្លួនយុវជនម្នាក់ផ្សេងទៀត ដែលមានឈ្មោះថា អ៊ុន ប៊ុនហួត (ហៅ ងោល) មុខរបរមិនពិតប្រាកដ ខណៈដែលយុវជនរូបនេះ រួមជាមួយបក្ខពួកម្នាក់ទៀត បានកាន់កាំបិតប៉័ងតោ បំរ៉ុងទៅធ្វើសកម្មភាព តែចៃដន្យជួបមួយក្រុមល្បាតអាវុធហត្ថខណ្ឌមានជ័យ នៅចំណុចភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ និងនៅយប់ថ្ងៃទី០៧ ឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ១៩ និង៣០នាទី មានក្រុមចោរ១ក្រុមទៀតគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពប្រើដាវកាប់ជនរងគ្រោះប្លន់យកម៉ូតូ នៅត្រង់ចំណុច ផ្លូវលេខ៤៣២ កែងផ្លូវ មុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវក្រុមល្បាតអាវុធហត្ថខណ្ឌចំការមនចាប់ខ្លួនបាន។
ជនសង្ស័យទាំង០២នាក់នេះមានឈ្មោះ១ លឹម វីរៈ (ហៅ អប្រិយ) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ទីលំនៅ ភូមិតាង៉ូវ សង្កាត់និរោធន៏ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ទី២ឈ្មោះ ម៉ក់ ធារៈ (ហៅ វ៉ៃ) ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ទីលំនៅ ផ្ទះជួល ផ្លូវ២៧១ ភូមិបឹងទំពុន សង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ដែរថា ក្រុមជនសង្ស័យទាំង០៥នាក់ខាងលើគឺ សុទ្ធតែមានការប្រើប្រាស់គ្រឿងញៀន ក្រោយពីបានធ្វើតេស្តទៅលើទឹកនោមឃើញថាមានផលវិជ្ជមានទាំងអស់។ បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ហើយបក្ខពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕