(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរខួប ១៥៣ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួបនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ កាកបាទក្រហមកម្ពុជាទទួលបានថវិកាជាង ១៣លានដុល្លារអាមេរិក ពីសម្បុរសជន ដើម្បីរួមវិភាគទានទ្រទ្រង់សកម្មភាពមនុស្សធម៌នៅកម្ពុជា ជាពិសេសជួយដល់ជរងគ្រោះ ជនទីទ័លក្រ ខ្វះទីពឹង និងកំពុងជួបទុក្ខលំបាកនៅក្នុងជីវភាព។
សកម្មភាពជួយទ្រទ្រង់សកម្មភាពមនុស្សធម៌នេះ ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សប្បុរសជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ មានចាប់ពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា រហូតដល់ក្រុមហ៊ុនឯកជនផងដែរ។
បើតាមការប្រកាសឲ្យដឹងក្នុងកម្មវិធីនាព្រឹកមិញ បានឲ្យដឹងថា ថវិកា ទទួលបានពីសប្បុរសជនមានចំនួនសរុប ១៣,៤៣១,៦៦៨ដុល្លារអាមេរិក។ ក្នុងនោះក្រុមហ៊ុនបុរីពិភពថ្មីរបស់អ្នកឧកញ៉ា ហុង ពីវ បានធ្វើការបរិច្ចាគច្រើនជាងគេ មានទឹកប្រាក់រហូតដល់ ១លាន ២សែន ៨ម៉ឺនដុល្លារអាមេរិក។
ការចូលរួមឧបត្ថម្ភដល់សកម្មភាពមនុស្សធម៌ បាននាំឲ្យមានការវាយតម្លៃ និងកោតសរសើរច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ តែអ្វី ដែលធ្វើឲ្យស្ងើចសរសើរកាន់តែខ្លាំងថែមទៀតនោះ គឺការចូលរួមបរិច្ចាគថវិកា ៥០០ដុល្លារ ពីសំណាក់លោក ចាប តូ ជនពិការភ្នែកទាំងសងខាង និងជាប្រធានសមាគមសំនៀងជនពិការ។ ស្ងើចសរសើរដោយសារគេមើលឃើញថា លោក ចាប តូ បើទោះបី រូបគាត់ជាជនពិការ តែគាត់បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដែលបង្ហាញឲ្យឃើញនូវទឹកចិត្តធំធេងក្នុងការចូលរួមចែករំលែក ក្នុងសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក។
កាកបាទក្រហកម្ពុជា ជាអង្គការមនុស្សធម៌ដ៏ធំមួយ ដែលបានធ្វើសកម្មភាពមនុស្សធម៌ជួយជនរងគ្រោះដោយមហន្តរាយផ្សេងៗ ជួយជនពិការ ចាស់ជរាឥតទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ជាដើម ដោយមិនមានប្រកាន់ពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយនោះឡើយ។
ការចូលរួមយ៉ាងច្រើនកុះករពីសប្បុរសជន រួមទាំងក្រុមជនពិការនេះ បានសបញ្ជាក់ឲ្យឃើញថា មហាជនបានគាំទ្រយ៉ាងផុសផុល ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ ជនទីទ័លក្រ និង ជនខ្វះទំនុកបម្រុង នៅក្នុងប្រទេសកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០១៥កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានធ្វើការសកម្មភាពយ៉ាងច្រើន ដើម្បីចូលរួមដោះស្រាយបញ្ហា ដែលបណ្តាលមកគ្រោះធម្មជាតិ ដោយសារបម្រែបម្រួលអាកាសធាតុមានដូចជា គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ជាដើម។ ក្រៅពីដោះស្រាយបញ្ហាទាំងអស់នេះ កាកបាទក្រហមកម្ពុជា ក៏បានចូលរួមឆ្លើយតបបញ្ហាប្រឈម ដែលបង្កឡើងដោយសារកត្តាមនុស្ស ដូចជាគ្រោះថ្នាក់ចរាចរ គ្រឿងញៀន គ្រឿងស្រវឹង បញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ គ្រោះអគ្គិភ័យ និងបញ្ហាកើតមានជំងឺឆ្លងថ្មីៗ។
ក្រៅពីសកម្មភាពមនុស្សធម៌ខាងលើ គ្រាប្រទេសកម្ពុជាជួបនឹងគ្រោះរាំងស្ងួត ប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់នោះ កាកបាទក្រហម កម្ពុជា ក៏ត្រូវបានគេមើលឃើញថា ចូលរួមចំណែកធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំផងដែរ ដើម្បីដោះស្រាយបញ្ហាទឹកជូនប្រ ជាពលរដ្ឋ ព្រមទាំងមានការជីកអណ្តូរ ជីកស្រះ ស្តារអណ្តូង និងស្តារស្រះទឹកជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានវាយតម្លៃខ្ពស់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ដែលបានចូលរួមចំណែកដោះស្រាយ និងឆ្លើយតបទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ។ សម្តេច បានហៅសកម្មភាព ទាំងអស់នេះ គឺជាផ្តល់ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ មិនចេះរីងស្ងួត។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំង ដែលបានចូលរួមចំណែកជួយដោះស្រាយបញ្ហា កំពុងកើតមាននៅកម្ពុជា។
បើទោះបីជាយ៉ាងណាទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានធ្វើការអំពាវនាវព្រមគ្នាឲ្យសប្បុរជន បន្តចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងប្រឈម និងជួបប្រទះនូវទុក្ខលំបាក ដែលកើតចេញពីគ្រោះធម្មជាតិ។
សម្តេចតេជោ បានអំពាវនាវដូច្នេះ «ខ្ញុំសង្ឃឹមថា ការយោគយល់ ការចូលរួមពីសំណាក់បងប្អូនសប្បុរសជននៅតែបន្ត ដើម្បីដោះស្រាយកង្វល់ និងការលំបាករបស់ប្រជាជន។ កិច្ចការមនុស្សពិតជាគ្មានព្រំដែននោះទេ ហើយគ្រោះមហន្តរាយ ក៏គ្មានព្រំដែននោះដែរ ដូច្នេះយើងត្រូវធ្វើសកម្មភាពព្រមៗគ្នានៅក្នុងក្របខណ្ឌជាតិរបស់យើង»។
សូមរំលឹកថា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួប ១៥៣ឆ្នាំ។ ទិវានេះត្រូវបានធ្វើឡើងនៅទូទាំងពិភពលោក ដើម្បីប្រមូលមូលនិធិដែលទទួលបាន យកទៅប្រើប្រាស់ក្នុងការបន្តបេសសកម្មមនុស្សធម៌ ដ៏ឧត្តុង្គឧត្តម ធ្វើប្រតិបត្តិការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះបំផុត ដែលរួមមានអ្នករងគ្រោះដោយមហន្តរាយផ្សេងៗ ជាពិការចាស់ជរាឥតទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ដោយពុំមានការរើសអើង បែងចែកពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយអ្វីឡើយ៕