(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើខ្លឹមសារសៀវភៅណែនាំ និងឯកសារគោលការណ៍សម្រាប់កម្មវិធីឃោសនាបោះឆ្នោត សរុប១២ឯកសារ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៧ ខែមេសានេះ។

ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេចនោះរួមមាន៖

១៖ សៀវភៅណែនាំគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

២៖ សៀវភៅណែនាំគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

៣៖ ប្រធានបទកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

៤៖ គោលការណ៍នៃការផលិតស្ប៉តរបស់គណបក្សនយោបាយ។

៥៖ គោលការណ៍សម្រាប់បោះពុម្ព និងផ្សព្វផ្សាយអត្ថបទឃោសនារបស់គណបក្សនយោបាយ ក្នុងព្រឹត្តិបត្រគោលនយោបាយគណបក្ស។

៦៖ នីតិវិធីចាប់ឆ្នោតយកលំដាប់លេខរៀងថត និងចាក់ផ្សាយ។

៧៖ បទបញ្ជាកម្មវិធីផ្សព្វផ្សាយគោលនយោបាយ។

៨៖ ប្លង់ថតកម្មវិធីផ្សព្វផ្សាយគោលនយោបាយ។

៩៖ តារាងចាក់ផ្សាយកម្មវិធីតាមវិទ្យុ និងទូរទស្សន៍ ផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

១០៖ គោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានស្តីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

១១៖ គោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

១២៖ ការពិនិត្យ និងសម្រេចលើរបាយការណ៍របស់គណៈកម្មការដំឡើងថ្នាក់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) សម្រាប់ឆ្នាំ២០២២។

បន្ទាប់ពី គ.ជ.ប បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារទាំងអស់ខាងលើរួចមក គ.ជ.ប បានសម្រេចឱ្យអង្គភាពជំនាញកែសម្រួលតាមស្មារតីនៃអង្គប្រជុំ គ.ជ.ប សម្រាប់ឱ្យគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងសម្រាប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត អនុវត្តក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕