(ស្ទឹងត្រែង)៖ ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងអង្គការដៃគូ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការ «អន្ទាក់សូន្យ» នៅខេត្តស្ទឹងត្រែង។

ការបើកយុទ្ធនាការនេះ ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្ន្នកនាំពាក្យក្រសួងបរិស្ថាន, លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង, លោក សេង ទៀក ប្រធានអង្គការ WWF មន្ទីរបរិស្ថាន រដ្ឋបាលព្រៃឈើ ព្រមទាំងបណ្តាអង្គការដៃគូមួយចំនួនទៀត។ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង នឹងមានរយៈពេលមួយខែ ដែលនឹងដឹកនាំធ្វើក្រោមកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ WWF។

យុទ្ធនាការអន្ទាក់សូន្យ ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិបានចាប់ផ្តើម បើកយុទ្ធនាការរបស់ខ្លួននៅតាមបណ្តាខេត្តគោលដៅដែលក្នុងនោះខេត្តស្ទឹងត្រែង គឺជាខេត្តទី១ នៃការធ្វើយុទ្ធនាការនេះ។ អង្គការអន្តរជាតិដៃគូរួមមាន៖ អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការជីវិតធម្មជាតិ BirdLife អង្គការ Fauna & Flora International (FFI), និងអង្គការ Wild Earth Allies និងគម្រោងព្រៃឡង់បៃតង USAID Green Prey Lang, អង្គការ RECOFTC បានរួមគ្នាប្តេជ្ញាចិត្តគាំទ្រយុទ្ធនាការដ៏សំខាន់មួយនេះផងដែរ។

បើកយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ខែ ក្នុងខេត្ត៦ ភាគខាងកើតទន្លេមេគង្គ រួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើម និងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការ ដៃគូដែលសហការក្នុងការងារអភិរក្ស។

គោលបំណងសំខាន់នៃយុទ្ធនាការអន្ទាក់សូន្យនេះ គឺដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ធ្វើឱ្យព្រៃធម្មជាតិកាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតធ្វើជាជម្រកសម្រាប់រស់នៅ និងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តពូជបង្កើតកូនពូនជាចៅរាប់ជំនាន់ទៅមុខទៀត។

នាឱកាសនោះដែរ នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះអង្គការដៃគូទាំងនេះដែលបានប្តេជ្ញាចិត្តគាំទ្រយុទ្ធនាការអន្ទាក់សូន្យ និងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងបរិស្ថានក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយភាពស្មោះត្រង់ វិជ្ជាជីវៈ ការទទួលខុសត្រូវនិងក្នុងស្មារតីភាពជាដៃគូ និងគោរពគ្នាទៅវិញទៅមក។ នេះគឺជាការបង្ហាញពីភាពចាស់ទុំនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការដៃគូដើម្បីបុព្វហេតុរួមគឺបរិស្ថាន ធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានជិត ១០ឆ្នាំចុងក្រោយនេះ ជាមួយការបង្កើនការអនុវត្តច្បាប់ និងការអប់រំផ្សព្វផ្សាយបានទូលំទូលាយ ព្រមទាំងការអភិរក្សធនធានធម្មជាតិមានភាពកាន់តែល្អប្រសើរ ការសិក្សាបានវាយតម្លៃថាប្រភេទសត្វព្រៃមួយចំនួនរក្សាបានស្ថេរភាពដូចជាប្រភេទស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃ ប្រភេទសត្វព្រៃខ្លះកើនឡើងដូចសត្វក្ងោក ស្វាត្រោសជាដើម ប៉ុន្តែប្រភេទសត្វព្រៃខ្លះជាពិសេសប្រភេទសត្វក្រចកជើងចំពាម បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះដូចជា សត្វទន្សោង សត្វខ្ទីង សត្វប្រើស សត្វឈ្លូស ក្តាន់ រម៊ាំងជាដើម។

ប្រភេទសត្វដើររកស៊ីនៅលើដីទាំងនេះមានហានិ ភ័យខ្ពស់ក្នុងការប្រឈមនឹងការជាប់អន្ទាក់គ្រប់ប្រភេទដែលត្រូវបានលួចដាក់នៅក្នុងតំបន់ការពារធម្មជាតិ និងការប្រមាញ់ដោយកាំភ្លើងកែច្នៃផ្សេងៗដោយខុសច្បាប់។

គួររំឭកថា ស្ថានភាពដ៏អាក្រក់នៃការធ្លាក់ចុះជីវៈចម្រុះ មិនបានកើតឡើង តែក្នុងប្រទេសកម្ពុជានោះទេ គឺចំនួនសត្វព្រៃនៅលើសកលលោកទាំងសត្វរស់នៅលើដីនិងក្នុងទឹក ក៏បានធ្លាក់ចុះខ្លាំងបំផុតរហូតដល់ ៦៨% ជាមធ្យម ក្នុងរយៈពេល ៥០ឆ្នាំចុង ក្រោយនេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០មក។ ការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីតកាលមកដល់ពេលបច្ចុប្បន្ន រួមផ្សំនឹងបរិមាណអន្ទាក់បានដាក់ជាច្រើនក្នុងព្រៃធម្មជាតិ ជាកត្តាជំរុញ ដោយការជួញដូរសត្វព្រៃខុសច្បាប់ សុទ្ធសឹងជាមូលហេតុចម្បងដែលបណ្តាលឱ្យសត្វព្រៃនៅកម្ពុជាប្រឈម មុខនឹងការបាត់បង់ ជាពិសេសប្រភេទសត្វក្រចកជើងចំពាមដែលរកស៊ីលើដីជាផ្នែកមួយនៃការប្រឈមមុខខ្លាំង។ អន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគម្រាមកំហែងដ៏ចម្បងមួយចំពោះសត្វព្រៃ៕