(ភ្នំពេញ)៖ តំណាងរបស់អង្គការសហប្រជាជាតិ ដែលបញ្ចប់អាណត្តិការងារនៅកម្ពុជា បានគូសបញ្ជាក់ថា បណ្តាញអង្គការសហប្រជាជាតិកំពុងធ្វើការងារនៅកម្ពុជា នឹងបន្តជួយកម្ពុជាលើការវិនិយោគធនធានមនុស្ស, ការប្រើប្រាស់ឌីជីថល និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។

ការអះអាងនេះ ត្រូវបានធ្វើឡើងដោយលោកស្រី ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងឱកាសចូលជំរាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២នេះ។ លោកស្រី ប៉ូលីន ថាំមីស៊ីស បានអញ្ជើញមកបំពេញការងារជាប្រធានសម្របសម្រួលអង្គការសហប្រជាជាតិនៅឆ្នាំ២០១៨។

រយៈពេលប្រមាណ៤ឆ្នាំនៃបេសកកម្មការងារនៅកម្ពុជា លោកស្រី ប៉ូលីន បានធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ ក្នុងឱកាសចូលជំរាបលាសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះ លោកស្រី បានជម្រាបសម្តេចតេជោថា លោកស្រីពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេកកម្មការងារនៅក្នុងប្រទេសកម្ពុជា។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនេះ លោកស្រី ប៉ូលីន បានបង្ហាញការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់កម្ពុជា និងមានកិច្ចសហប្រតិបត្តិការល្អតំណាងរបស់អង្គការសហប្រជាជាតិ ដែលជាការបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់ចំពោះពហុភាគីនិយម និងការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្រាប់លោកស្រី ប៉ូលីន ភាពជាដៃគូល្អ និងកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជានេះ សុទ្ធសឹងជាជោគជ័យ ដែលមិនត្រឹមតែជាប្រយោជន៍សម្រាប់ប្រទេសនានាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបទពិសោធន៍អាចយកទៅប្រើបាននាពេលអនាគតផងដែរ។

ក្នុងជំនួបនេះលោកស្រី ប៉ូលីន បានគោរពជម្រាបសម្តេចតេជោផងថា ប្រព័ន្ធអង្គការសហប្រជាជាតិ ដែលកំពុងបំពេញបេសកកម្មការងារនៅកម្ពុជា ប្តេជ្ញាបន្តគាំទ្រកម្ពុជា លើវិស័យមានសក្តានុពលចំនួន៣ រួមមាន៖ ១) ការវិនិយោគធនធានមនុស្ស, ២) ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និង៣) ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។

ជាកិច្ចឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានយល់ស្របលើអ្វីដែលលោកស្រី ប៉ូលីន បានលើកឡើងចំពោះភាពជាដៃគូ និងកិច្ចសហការល្អរវាងកម្ពុជា និងតំណាងអង្គការសហប្រជាជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលែងអំណរគុណដល់លោកស្រី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ជាពិសេសលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ការអនុញ្ញាតឱ្យវានាទេសចរណ៍ខ្នាតយក្សវេស្ទើដាម ចូលចតនៅកម្ពុជាកលាពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ សម្តេចតេជោ បានលើកពីកិច្ចសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិក្នុងការអនុញ្ញាតឱ្យនាវានេះចូលចត។ សម្តេចតេជោ បានលើកឡើងថា ប្រសិនបើកម្ពុជា មិនទទួលឱ្យចូលចតទេ មិនដឹងជាវាសនារបស់អ្នកដំណើរលើវានានោះទៅជាយ៉ាងណានោះឡើយ?

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបលោកស្រី ប៉ូលីន និងប្រតិភូ អំពីការដាក់ចេញនូវយុទ្ធសាស្ត្រផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយការបន្តយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល។

មុននឹងបញ្ចប់ជំនួប សម្តេចតេជោ ថ្លែងអំណរគុណលោកស្រី ប៉ូលីន និងប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជាទាំងអស់ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា និងឆ្លងកាត់ការលំបាកជាមួយកម្ពុជា៕