(បាត់ដំបង)៖ លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ ដឹកនាំកម្លាំងសហការជាមួយក្រុមយុវជនឃុំបួរ, អង្គការ HAGAR, ប្រជាការពារភូមិដំណាក់ក្សាន្ត និងគណៈកម្មការអាចារ្យវត្ត នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានចូលរួមដាំកូនឈើប្រណិត និងកូនឈើហូបផ្លែ ចំនួន២០០ដើម នៅក្នុងបរិវេណវត្តដំណាក់ក្សាន្ត សិ្ថតិនៅក្នុងភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី ម៉ែន មូលី បានបញ្ជាក់ថា លោកពិតជាមានមោទនភាពនិងសប្បាយចិត្ត ដែលបានឃើញក្រុមការងារខិតខំប្រឹងប្រែង និងស្ថាប័នផ្សេងៗចូលរួមធ្វើការងារសង្គមយ៉ាងសកម្មជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សហគមន៍និងប្រទេសជាតិ ឲ្យកាន់តែរីកចំរើន ហើយការដាំដុះកូនឈើនេះ គឺដើម្បីបានជាម្លប់សម្រាប់វត្ត និងឲ្យបងប្អូនកូនចៅជំនាន់ក្រោយបានស្គាល់នូវឈើប្រណិតរបស់ខ្មែរយើងផងដែរ។

ជាមួយគ្នានេះ លោកវរសេនីយ៍ត្រី ម៉ែន មូលី ក៏បានឧបត្ថម្ភទាកាប៉ា ចំនួន០៦ក្បាល ដល់កម្លាំងយុវជន និងអង្គការ HAGAR ដើម្បីធ្វើម្ហូបអាហារញាំ ក្រោយពីការដាំកូនឈើរួចផងដែរ។

ដោយឡែក នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ តបតាមការស្នើសុំ របស់អាជ្ញាធរមូលដ្ឋានភូមិបួរ ឃុំបួរ, លោកនាយកសាលាបឋមសិក្សាបួរ អនុវត្តន៍តាមបទបញ្ជារបស់លោកវរសេនីយ៍ត្រី ម៉ែន មូលី បានចាត់តាំងលោកវរសេនីយ៍ត្រី សែម សារ៉េត ជំនួយការ សេនាធិការដឹកនាំកងកម្លាំង សហការជាមួយរបស់អាជ្ញាធរមូលដ្ឋានភូមិបួរ ឃុំបួរស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចុះចាក់ផ្លូវបេតុង ០១ខ្សែ ប្រវែង៤,៥ម៉ែត្រ គុណ ៥០ម៉ែត្រ សិត្ថិនៅក្នុងសាលាបឋមសិក្សាបួរ។

លោកវរសេនីយ៍ត្រី ម៉ែន មូលី បានបញ្ជាក់ថា ក្រៅកាតព្វកិច្ចស្នូលការពារជាតិ កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ បានអនុវត្តន៍តាមបទបញ្ជា របស់ថ្នាក់លើចូលរួមការទប់ស្តាត់ ពលករ និងការឆ្លងរីករាលដាលនៃជម្ងឺកូវិដ-១៩ ហើយតែងតែសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយរាល់កិច្ចការ តបតាមស្នើសុំផងដែរ៕