(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ អមដំណើរដោយអភិបាលខេត្ត លោក អ៊ុំ ម៉ារ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកយកប៊ីដុងទឹក៦០៧, ទឹកសុទ្ធ៦០៧យួរ និងទឹកប្រើប្រាស់ ព្រមទាំងផ្តល់អណ្តូងទឹក៥ ស្រះទឹក២កន្លែង និងជួសជុលអណ្តូង១ ហើយបានផ្តល់ថវិកា ៤លានរៀល និងសីុម៉ង់ត៍៣តោន សម្រាប់ជួសជុលទំនប់ទឹក និងធ្វើទ្វារទឹក នៅឃុំយាង ស្រុកជាំក្សាន្ត។
នាយឧត្តមសេនីយ៍ មាស សុភា ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវ តាមដានរាល់ទុក្ខលំបាកទាំងឡាយ របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ជាពិសេសគឺការប្រើប្រាស់ទឹកប្រចាំថ្ងៃ ពីព្រោះនៅពេលនេះគ្រោះធម្មជាតិមួយនេះ កើតមានជាច្រើនតំបន់ នៃប្រទេសកម្ពុជា។
នាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់ថា តាមបទបញ្ជានាយករដ្ឋមន្រ្តី គឺមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារខ្វះទឹកប្រើប្រាស់ និងហូបនោះទេ គឺត្រូវជួយអន្តរាគមន៍ទាន់ពេលវេលា៕