(ភ្នំពេញ)៖ កីឡាការិនីចំបាប់កម្ពុជា ចូវ សុធារ៉ា រួមទាំងកីឡាករ ងួន មករា បានជ្រុះពីវគ្គជម្រុះ នៃការប្រកួតដណ្តើមសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅទីក្រុង Rio ប្រទេសប្រេស៊ីល បន្ទាប់ពីបរាជ័យដូចគ្នា នាព្រឹកថ្ងៃទី៨ ឧសភា នៅទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី នេះបើយោងតាមទំព័រ Facebook របស់ NOCC ឲ្យដឹងព្រឹកមិញនេះ ។
កីឡាការិនី ចូវ សុធារ៉ា បានប្រកួតចាញ់កីឡាការិនីម៉ិចស៊ិក Valencia Esc ដោយពិន្ទុ ១២ ទល់នឹង ១ ខណៈដែលមិត្តរួមជាតិ ងួន មករា បានប្រកួតចាញ់គូប្រជែងកីឡាករមកពីប្រទេសតាជីគីស្ថាន Sufrey A ស្ថិតក្នុងទ្វីបអាស៊ីដូចគ្នា ដោយពិន្ទុ ១០-០ ក្នុងជុំទី១ដូចគ្នា ។
នេះជាការប្រកួតលើកដំបូងផ្នែកកីឡាចំបាប់ ដែលកម្ពុជាបានបញ្ជូនអត្តពលិក២រូបទៅចូលរួមប្រកួតជម្រុះនៅប្រទេស តួកគី តាំងពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ដែលជាប្រភេទកីឡាទី២ បន្ទាប់ពីកីឡា តេក្វាន់ដូ ដែលកីឡាការិនី ស៊ន សៀវម៉ី បានឈ្នះសិទ្ធិហើយនោះ កាលពីប្រកួតជម្រុះនៅប្រទេសហ្វីលីពីន ប្រចាំតំបន់អាស៊ី ។
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា ធ្លាប់បានថ្លែងប្រាប់ Fresh News មុនចេញដំណើរទៅ តួកគីថា «នេះជាការប្រកួតដ៏តឹងតែងបំផុត ដោយសារមានកីឡាករ-កីឡាការិនីជើងខ្លាំងជុំវិញពិភពលោកចូលរួម ខណៈកម្ពុជា ត្រូវការចំណាត់ថ្នាក់លេខ១ ឬលេខ២ ទើបទទួលបានសិទ្ធិឡើងទៅប្រកួតកីឡាអូឡាំពិក លើកទី៣១ បាន» ។
លោកថា តាមពិតទៅ ក្រុមកីឡាចំបាប់កម្ពុជា ត្រូវចូលរួមប្រកួតជម្រុះកម្រិតអាស៊ី ដើម្បីដណ្ដើមសិទ្ធិប្រកួតកីឡា អូឡាំពិកដូចគ្នាកាលពីពេលថ្មីៗកន្លងទៅ ប៉ុន្ដែដោយសារការចុះឈ្មោះមានបញ្ហា ទើបខកខានចូលរួម និងត្រូវលើក មកចូលរួមប្រកួតជម្រុះកម្រិតពិភពលោកបែបនេះវិញ៕