(កំពត)៖ អ្នកដើរទិញផ្លែស្វាយបើករថយន្តទាំងងុយដេក លក់មួយផាំង ទៅបុកបង្គោលគីឡូម៉ែតឆេះអស់រថយន្តមួយគ្រឿង នៅថ្ងៃទី៨ ឧសភា ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ត្រង់ចំណុចផ្លូវកោងខាងលិចរោងលោកយាយម៉ៅភ្នំទ្វារ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តសាំយ៉ុងពណ៌ស មួយគ្រឿង ដែលប្រជាពលរដ្ឋដឹងថា ជារថយន្តអ្នកដើរទិញស្វាយតាមចំការ។
ដោយសារតែអ្នកបើកបរងងុយដេកពេក ក៏ងោកមួយភាំង បណ្តាលឲ្យរថយន្តកំពុងតែមានល្បឿនលឿនផងនោះ រេចង្កូតទៅបុកបង្គោលគីឡូម៉ែត្រ ដែលនៅក្បែរចិញ្ចើមផ្លូវពេញទំហឹង ទើបបណ្តាលឲ្យឆេះទ្រលោម រកតែអ្នកជួយអន្តរាគមន៍ពន្លត់ក៏មិនទាន់។
ហេតុការណ៍ដែលបណ្តាលឲ្យរថយន្តខាងលើជួបឧបទ្ទវហេតុ បើតាមសម្ដីរបស់ប្រពន្ធអ្នកបើកបរបានប្រាប់សមត្ថកិច្ចថា ពួកគាត់ចេញដំណើរមកពីផ្ទះនៅស្រុកកំពង់ត្រាច វេលាយប់ទើបប្តីគាត់មានការងងុយដេក លុះមកដល់ចំណុចកើតហេតុគាត់ងោកមួយភាំង ត្រង់ចំណុចផ្លូវកោងផងនោះ ក៏ធ្វើឱ្យឲ្យរេចង្កូតទៅបុកបង្គោលគីឡូម៉ែត្រដែលនៅក្បែរផ្លូវ បណ្តាលឲ្យឆេះរថយន្តតែម្តងទៅ។
ហើយការគ្រោះថ្នាក់នេះ មិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ គឺខូចខាតតែរថយន្ត ដោយសារទុស្សេខ្សែភ្លើងឆេះអស់ទាំងស្រុងតែប៉ុណ្ណោះ៕