(ភ្នំពេញ)៖ យុវជន និស្សិត និងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យតំណាងមកពីសាកលវិទ្យាល័យប្រមាណ៤០នាក់ បានចូលរួមក្នុងពិធីប្រគល់ជ័យលាភីហ្វ្រង់កូហ្វូន នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន(CEF) នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំនៅកម្ពុជា (AUF Cambodge)។
កម្មវិធីនេះរៀបចំឡើងក្រោយពីយុវនិស្សិតជាច្រើនបានចូលរួមប្រកួតប្រជែងបង្កើតវីដេអូខ្នាតខ្លីក្នុងក្របខ័ណ្ឌនៃទិវាអន្តរជាតិហ្វ្រង់កូហ្វូនី (Journée internationale de la Francophonie) ដែលគ្រប់ប្រទេសនិយមភាសាបារាំងប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែមីនា។
យុវនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សានានាជាសមាជិករបស់ AUF Cambodge បានផលិតវីដេអូខ្នាតខ្លីតាមរយៈទូរស័ព្ទឬតាប្លេតរបស់ខ្លួនស្តីអំពីមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន ដែលទើបតែបង្កើតឡើងនាពេលថ្មីៗនេះ មានទីតាំងនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
ក្នុងចំណោមយុវជនចូលរួមប្រកួតជាង១០ក្រុម មកពីសាកលវិទ្យាល័យធំៗចំនួន៥ក្នុងរាជធានីភ្នំពេញ និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន២ក្រុម ទទួលបានជ័យលាភីលេខ១និងលេខ៣។ រីឯនិស្សិត១ក្រុមទៀត មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទទួលបានជ័យលាភីលេខ២។
ដោយឡេកជ័យលាភីលេខ៤ ដែលជារង្វាន់លើកទឹកចិត្តត្រូវបានផ្តល់ជូនយុវនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ នាឱកាសប្រគល់ជ័យលាភីជូនយុវនិស្សិត យើងសង្កេតឃើញថា និស្សិតជ័យលាភីទាំងឡាយបានសម្តែង នូវសេចក្តីសប្បាយ រីករាយនិងអំណរគុណដល់ AUF ដែលរៀបចំការប្រកួតនេះឡើងដើម្បីឲ្យប្អូនៗ មានឱកាសបញ្ចេញនូវសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ខ្លួនក្នុងសម័យបច្ចេកវិទ្យារីកចំរើនលើប្រព័ន្ធឌីជីថល រួមនិងសមត្ថភាពក្នុងការសម្តែងមតិជាភាសាបារាំងយ៉ាងស្ទាត់ជំនាញរបស់ប្អូនៗនិស្សិត ក៏ដូចជាវិធីសាស្ត្រក្នុងការធ្វើបទបង្ហាញមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូនផងដែរ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលនេះ (CEF) បង្កើតឡើងចាប់តាំងពីខែកញ្ញាឆ្នាំ២០២១ ក្នុងគោលបំណងផ្តល់នូវពុទ្ធិបន្ថែមក្រៅអំពីចំណេះជំនាញដែលសិក្សាតាមគ្រឹះស្ថានទាំងឡាយ ទាក់ទងនឹងជំនាញទន់នានាដើម្បីឲ្យប្អូនៗ និស្សិតត្រៀមខ្លួនជាស្រេចក្នុងការប្រឡូកចូលក្នុងទីផ្សារការងារនាពេលអនាគត ក្នុងនោះមានការរៀបចំបណ្តុះបណ្តាលជាវគ្គខ្លីៗនិងមធ្យមអំពីវិធីសាស្ត្រស្វែងរកការងារ ការវាយតម្លៃសមត្ថភាពនិងលក្ខណៈសម្បត្តិផ្ទាល់ខ្លួន ការសរសេរCV ការត្រៀមខ្លួនទៅសម្ភាសន៍ការងារ។
លើសពីនេះ ក៏មានវេទិការចែករំលែកបទពិសោធន៍លើការងារ ការទទួលបានអាហារូបករណ៏ កម្មសិក្សា ការបង្កើតគំរោងសហគ្រិនភាពនានា ដោយផ្ទាល់និងពីចម្ងាយជាលក្ខណៈតុមូល ជាសន្និសីទ និងជាសិក្ខាសាលាផងដែរ។
មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន (CEF) ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាញនៃទីភ្នាក់ងារឧត្តមសិក្សានានាលើពិភពលោក ឆ្លើយតបតាមយុទ្ធសាស្ត្រថ្មីរបស់ AUF និងលទ្ធផលនៃការពិគ្រោះយោបល់ជាមួយគ្រឹះស្ថាន ជាសមាជិកទាំងឡាយ ក៏ដូចជាតួអង្គនយោបាយ ថ្នាក់ដឹកនាំនិងអប់រំសំខាន់ៗនៅតាមបណ្តាប្រទេសទាំងឡាយដែលមានគ្រឹះស្ថានឧត្តមសិក្សាជាសមាជិករបស់ AUF៕