(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានជំរុញឲ្យសហការី ខិតខំបម្រើសេវាមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ ឲ្យកាន់តែប្រសើរថែមទៀតក្នុងឆ្នាំ២០២២។ លោក អ៊ុន ចាន់ដា បានថ្លែងដូច្នេះនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ ២០២១ និងពិនិត្យវឌ្ឍនភាពការងារ រយៈពេល ៣ខែដើមឆ្នាំ ២០២២ និងទិសដៅសម្រាប់អនុវត្តបន្ត។
ស្ថិតក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើឲ្យវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល១ឆ្នាំ២០២១ ក៏ដូចជា ១ត្រីមាស ដើមឆ្នាំ២០២២នេះ ទោះបីត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខាបានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេសការលើកកំពស់សកម្មភាពការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខា ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលាស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពជា»។
លោក អ៊ុន ចាន់ដា បានយកឱកាសនោះ ណែនាំអំពីការងារមួយចំនួន សម្រាប់ឲ្យសហការីអនុវត្តបន្ត ពិសេសត្រូវយកចិត្តទុកដាក់ ធ្វើឲ្យការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាងមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់ នឹងភាពរីកចម្រើននៅសហគមន៍ បន្តសហការក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រួមជាមួយ ការបន្តទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ តាមរយ: វិធានការ «៣ការពារ និង៣កុំ» ជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋានជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូលចំណាយ ការទូទាត់អោយមាន តម្លាភាព និងគណនេយ្យភាព។
លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវ ដល់សប្បុរសជន ក្នុងវិស័យរដ្ឋ វិស័យឯកជន ទាំងក្នុង និងក្រៅខេត្ត សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់សាខា ដោយសទ្ធាជ្រះថ្លា ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីសាខា បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់របស់សហគមន៍ ក្នុងទូទាំងខេត្តកំពង់ចាម៕