(ភ្នំពេញ)៖ ព្រឹទ្ធសភា និងរដ្ឋសភា នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ប្រឈមទៅនឹងសេរីភាពសារព័ត៌មាន៖ បញ្ហាប្រឈម និងដំណោះស្រាយ» ដែលធ្វើឡើងនៅព្រឹទ្ធសភា រយៈពេល ២ថ្ងៃ។

កម្មវិធីសិក្ខាសាលានេះមានការចូលរួមពី លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា អ្នកស្រីនាយិការកម្មវិធី Numerique@PF, លោក ប៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង(AFP) និងក្រុមការងារមកពីស្ថាប័នរដ្ឋសភាជារូបច្រើន។

សេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាក្នុងច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ហើយសេរីភាពសារព័ត៌មានក៏មានធាតុសំខាន់របស់សិទ្ធិទាំងអស់ផងដែរ។ អ្នកសារព័ត៌មាន គឺជាអ្នកអនុវត្តលើការស៊ីបអង្កេត និងការរាយការណ៍ពីព្រឹត្តិការណ៍នៃហេតុការណាមួយ មានពេលវេលាច្បាស់លាស់ និងជាក់លាក់ទៅអ្នកអាន អ្នកស្តាប់ អ្នកមើល តាមរយៈការផ្សាយតាមវិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី សារអេឡិចត្រូនិច (អ៉ីនធឺណេត) ជាដើម។

កន្លងមកនេះ ក្រសួងព័ត៌មាន បានបង្កើតក្រុមការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយក្រុមការងានេះ នឹងធ្វើការផ្សព្វផ្សាយព័ត៌មានពិតត្រឡប់ ទៅវិញភ្លាមៗ នៅពេលព័ត៌មានក្លែងក្លាយណាមួយកើតមានឡើង ដើម្បីបន្សាបព័ត៌មានមិនពិតនោះឱ្យបានទាន់ពេលវេលា កុំឱ្យបង្កផលប៉ៈពាល់ដល់សង្គមជាតិ៕