(សៀមរាប)៖ ពលរដ្ឋខេត្តសៀមរាបមួយចំនួន បានរិះគន់ និងបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះទង្វើបុគ្គលខ្លះ ដែលបានយកយានយន្ត ដូចជាម៉ូតូ ឡើង និងចតលើសួនច្បារថ្មី ដែលទើបរៀបចំរួចនៅប៉ែកជើង តាមបណ្ដោយមាត់ស្ទឹងសៀមរាប។
រូបភាពប៉ុន្មានសន្លឹកបានបង្ហោះនៅតាមបណ្ដាញសង្គម ដោយឃើញមានយុវជន និងម៉ូតូ នៅលើផ្លូវថ្មើជើង ដែលរៀបចំនៅកណ្ដាលសួនច្បារ តំបន់ស្ពានរ៉ករ៉ាក ស្ទឹងសៀមរាប។ សកម្មភាពទាំងនេះ ធ្វើឱ្យសាធារណជនមួយចំនួន មិនពេញចិត្ត ដោយពួកគេលើកឡើងថា ផ្លូវ និងសួនច្បារដែលទើបសម្ពោធកាលពីថ្ងៃទី៤ មេសាកន្លងទៅ បែរជានាំគ្នាជិះម៉ូតូពីលើ ធ្វើឱ្យខូចសណ្ដាប់ធ្នាប់ បរិស្ថានអស់។
លោក នី ថាយូ ជាពលរដ្ឋក្នុងក្រុងសៀមរាប មានប្រសាសន៍ថា ទង្វើដូច្នេះវាធ្វើប៉ះពាល់សោភ័ណភាព និងសុំឱ្យយកយានជំនិះចតនៅចំណតដែលអាជ្ញាធរបានរៀបចំ។ លោកបន្តថា ទង្វើនេះបង្ហាញពីកង្វះការយល់ដឹងរបស់ប្រជាពលរដ្ឋ ដែលពួកគេគួរសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំបរិស្ថាន សណ្ដាប់ធ្នាប់ អនាម័យ ក្នុងក្រុងសៀមរាប និងថែរក្សាសម្បត្តិទាំងនោះឱ្យជាប់យូរអង្វែង។
លោក នី ថាយូ ប្រាប់ទៀតថា៖ «រាជរដ្ឋាភិបាលខំចំណាយថវិកាជាតិ មកកែលម្អក្រុងសៀមរាប ឱ្យស័ក្ដិសមជាខេត្តទេសចរណ៍ល្អមួយនៅកម្ពុជា។ អ្នកខ្លះ ចង់មកលេងកន្លែងស្អាត តែសកម្មភាពពួកគេ បង្កឱ្យទីនោះលែងស្អាតទៅវិញ»។
បញ្ហានេះ ក៏មានការប្រតិកម្មពីអភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តសៀមរាប ផងដែរ។ លោក ប្រាក់ សោភ័ណ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖ «ដងស្ទឹងសៀមរាបស្អាតស្រាប់ហើយ មិនបាច់ថែមដេគ័រទេ សូមបងប្អូនចូលរួមរក្សាសណ្ដាប់ធ្នាប់ផ្លូវដើរអោយបានដូចដែលបានរៀបចំផង»។
សូមបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តសៀមរាបបានប្រឹងប្រែងជាខ្លាំងចំពោះការរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាននេះ និងបានបង្កើតក្រុមការងារសម្រាប់អនុវត្តន៍កិច្ចការងារនេះផងដែរ។ តួយ៉ាង បានចុះណែនាំដល់ពលរដ្ឋមិនឱ្យចតយានយន្តលើផ្លូវជិះកង់ និងការចតលើចិញ្ចើមផ្លូវ ដែលពុំមែនចំណតជាដើម។ យ៉ាងណា នៅតែមានការមិនរៀបរយ អ្នកលក់ដូរតាមចិញ្ចើមផ្លូវនៅតែមានច្រើន ពិសេសតំបន់ផ្សារចាស់ ខណៈដែលប្រជាពលរដ្ឋមិនទាន់យល់ដឹងពីបញ្ហានេះ និងការមិនអនុវត្តនីតិវិធីមិនបានតឹងរឹងជាដើម។ល៕