(ភ្នំពេញ)៖ ក្នុងគោលបំណងចូលរួមកិច្ចការងារសង្គម និងគាំទ្រដល់សកម្មភាពមនុស្សធម៌ លើការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមទីជនបទដោយឥតគិតថ្លៃ នាល្ងាចថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន Canon បានប្រគល់អំណោយសប្បុរសធម៌ ជាទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានថ្លែងថា បេសកកម្មរបស់សមាគមគឺផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្រីក្រដោយមិនគិតប្រាក់ មិនប្រកាន់និន្នាការនយោបាយ ឫសាសនាអ្វីឡើយ។
កន្លងមកយើងបានចុះព្យាបាលទៅតាមទីជនបទ បណ្តាខេត្តនានា តាមអង្គការក្មេងកំព្រា តាមរោងចក្រ មិនតែប៉ុណ្ណោះ សមាគមបានបញ្ជូនអ្នកជម្ងឺដែលមានសភាពធ្ងន់ធ្ងរមកព្យាបាលបន្តនៅភ្នំពេញ។
លោកបានបញ្ជាក់ថា ក្នុងនាមសមាគម និងប្តេជ្ញាក្នុងការផ្តល់សេវាសុខាភិបាលមនុស្សធម៌ ជូនដល់ប្រជាពលដើម្បីលើកកម្ពស់សុខភាពប្រជាជន និងរួមចំណែក ការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ហើយសង្ឃឹមថាក្រុមហ៊ុន Canon និងនៅជាដៃគូរ បន្តកិច្ចសហប្រតិបត្តិការនេះជាមួយសមាគមបន្តទៅទៀត។
លោក Konishi ប្រធានក្រុមហ៊ុនCanon Singapore បានឲ្យដឹងថា ក្រុមហ៊ុនCanon ជាក្រុមហ៊ុនមួយដែលមិនគិតតែពីប្រាក់ចំណេញនោះទេ ក្រុមហ៊ុនតែងតែចូលរួមជាមួយការងារសង្គមក្នុងប្រទេសដែលក្រុមហ៊ុនបានវិនិយោគ ហើយ លោករីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ទៅដល់សមាគម ដោយសាតែលោកបានឃើញផ្ទាល់ អំពីសកម្មភាពមនុស្សធម៌នានា របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលបានចុះជួយព្យាបាលជម្ងឺផ្ទាល់ទៅដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានទូទាំងប្រទេស ដោយមិនយកថវិកា ។
សូមរំលឹកដែរថា នេះជាលើកទីពីរហើយដែលក្រុមហ៊ុន Canon ប្រគល់អំណោយសប្បុរសធម៌ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៕