(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា នៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះទៅជួយជួសជុលផ្ទះ ប្រជាពលរដ្ឋ ដែលត្រូវខ្យល់កន្រ្តាក់បោកបក់ ដួលរលំរាបដល់ដី ព្រមទាំងបណ្តាលឲ្យម្ចាស់ផ្ទះ រងរបួសយ៉ាងធ្ងន់ធ្ងរ២នាក់ ទាំងឪពុក និងកូន ស្ថិតនៅភូមិជ្រួល ឃុំកន្សោមអក ស្រុកកំពង់ត្របែក។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ព្រឹកមិញនគរបាលយើង បានបន្តទៅជួយរុះរើផ្ទះពលរដ្ឋ រលំរៀបរយឲ្យគាត់ដោយម្ចាស់ផ្ទះឈ្មោះ សាយ ភាជ អាយុ៣៨ឆ្នាំ និងកូនឈ្មោះ យ៉ានភនអាយុ១៣ឆ្នាំ របួសធ្ងន់ដេកពេទ្យទាំងពីរនាក់ឪពុកកូន ហើយប្រពន្ធនៅថែមើលនៅមន្ទីរពេទ្យ»។

សម្រាប់ដោះស្រាយបញ្ហាជាន់បញ្ហានេះ លោកឧត្តមសេនីយ៍ ស្រេង ជា ក៏បានប្រគល់ថវិកាចំនួន៧៣០០០០រៀលទុកនៅម្តាយ និងបងជនរងគ្រោះ ដើម្បីដោះស្រាយជីវភាព បានមួយកម្រិត។

សូមបញ្ជាក់ថា សម្រាប់ខេត្តព្រៃវែង មានផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង ត្រូវខ្យល់បក់បោក បណ្តាលឲ្យដួល និងរបើកដំបូល ហើយរបួសមនុស្សទៀតផង នារយ:ពេលប៉ុន្មានថ្ងៃនេះ តែអាជ្ញាធរ និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បានចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលាផងដែរ៕