(ភ្នំពេញ)៖ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំពិធីចែក អំណោយដ៏ថ្លៃថ្លាបំផុត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន២៥គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។
ពិធីខាងលើនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ ដោយមានការអញ្ជើញចូលរួមពីអស់លោក-លោកស្រី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់។
លោក ឯក ឃុនដឿន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពោល ទីណាក៏ដោយ ឱ្យតែមានបង-ប្អូនប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឫជួបគ្រោះមហន្តរាយផ្សេងៗ ទីនោះតែងតែមានវត្តមាន របស់កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ក្រៅពីលោកអភិបាលខណ្ឌឫស្សីកែវរូបនេះ បានផ្ដាំផ្ញើឱ្យបង-ប្អូនប្រជាពលរដ្ឋ ប្រកាន់យកនូវការរក្សាអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបរបរទទួលទានចិញ្ចឹមជីវិត ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
បន្ថែមពីនេះ លោក ឯក ឃុនដឿន បានអំពាវនាវដល់បង-ប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) តាមរយៈការបន្តអនុវត្តវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល ពិសេស វិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ *៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ)។
*៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) ហើយនិង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩)។
សូមជម្រាបថា សម្រាប់អំណោយមានជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន និងត្រូវបានគណៈកម្មាធិកាអនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ និងក្រុមការងារអនុសាខាកាកបាទក្រហមសង្កាត់ នាំយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋងាយរងគ្រោះ ទាំង២៥គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ឃីត១កញ្ចប់, ម៉ាស់២៥សន្លឹក, ជែល១ដបធំ, ទឹកត្រី-ទឹកស៊ីអ៉ីវ២យួរ និងថវិកា ចំនួន២០.០០០រៀល៕