(កំពង់ស្ពឺ)៖ លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះទៅពិនិត្យ និងប្រគល់ស្រះទឹកចំនួន០៦កន្លែង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គ្រាដែលខេត្តកំពង់ស្ពឺកំពុង រងគ្រោះដោយសារការខ្វះខាតទឹកប្រើប្រាស់ យ៉ាងចាំបាច់បំផុត។
លោកអភិបាលខេត្ត បានឲ្យដឹងថា ស្រះទឹកជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទាំង០៦កន្លែង មានទទឹង ៤០ម×៣០ម ជំរៅ ៣,៥ម ហើយបានបែងចែកដល់ស្រុកបសេដ្ឋ ចំនួន០២កន្លែង ស្រុកឪរ៉ាល់ចំនួន០២កន្លែង ស្រុកគងពិសី ចំនួន០២កន្លែង ។
ការផ្តល់ស្រះទឹករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដល់ខេត្តកំពង់ស្ពឺខាងលើនេះ បានធ្វើឡើងភ្លាមៗ ដើម្បីឆ្លើយតប គ្រាដែលការខ្វះខាតទឹករបស់បងប្អូនប្រជាពលរដ្ឋកំពុង បន្តកើតមាននៅតាមបណ្តាស្រុកដាច់ស្រយ៉ាលមួយចំនួន ដែលរងឥទ្ធិពលការកើនឡើងនៃកំដៅជាសកល។
តាមរយ:នៃការផ្តល់ជាស្រះទឹកនេះ ប្រជាពលរដ្ឋបានថ្លែងនូវក្តីដឹងគុណយ៉ាងខ្លាំងចំពោះ សម្តេចនាយករដ្ឋមន្រ្តី ដែលតែងតែគិតគូពីសុខទុក្ខរាស្ត្រជាចម្បង ហើយស្រះទឹកនេះ ពួកគាត់ប្រឹងប្រែងថែរក្សាសម្រាប់ទុកប្រើទាំងអស់គ្នា និងជាសម្បត្តិរួមក្នុងមូលដ្ឋាន៕