(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) លោក ឡាយ ថារ័ត្ន ត្រូវបានលោក យិន សារឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទវិតិក្រម។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលជាអ្នកឃាត់ខ្លួនលោក ឡាយ ថារ័ត្ន រកឃើញថា លោក ឡាយ ថារ័ត្ន បានទាមទារប្រាក់លើសតម្លៃសេវាកំណត់របស់រដ្ឋនៅក្នុងឯកសារ ដែលឆ្លងកាត់ការត្រួតពិនិត្យរបស់ CDC។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានថ្លែងនៅថ្ងៃទី៨ ខែឧសភា ថា លោក ឡាយ ថារ័ត្ន ត្រូវបានតំណាងអយ្យការបានបញ្ចប់ការសួរចម្លើយ និងក្រោយពីបានពិនិត្យឯកសារចប់សព្វគ្រប់លើសំណុំរឿង ដែលបញ្ជូនពីអង្គភាពប្រឆាំងអំពើពុករលួយ ហើយបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ ឡាយ ថារត្ន័ ពីបទ វិតិក្រម តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំំពេញ កាលពីខែ មេសា ឧសភា ឆ្នាំ ២០១៦ ។
បទល្មើសវិតិក្រម កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ៕