(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ បានចូលរួមកិច្ចពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោងគាំទ្រដល់វិស័យវារីវប្បកម្ម ក្នុងប្រទេសកម្ពុជា។

កិច្ចពិភាក្សារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ីនេះ មានគោលបំណងចែករំលែកបទពិសោធន៍របស់ធនាគារ ARDB ក្នុងការផ្តល់ឥណទានលើវិស័យវារីវប្បកម្មក្នុងប្រទេសកម្ពុជា ដោយផ្តោតលើទិដ្ឋភាពទូទៅនៃវិស័យវារីវប្បកម្ម, បញ្ហាប្រឈមក្នុងវិស័យវារីវប្បកម្ម, តួនាទីរបស់ធនាគារ ARDB ក្នុងការគាំទ្រវិស័យវារីវប្បកម្ម, ល័ក្ខខ័ណ្ឌនៃការផ្តល់ឥណទាន, តម្រូវការឥណទានក្នុងវិស័យវារីវប្បកម្ម, និងការស្នើសុំពិនិត្យលទ្ធភាពក្នុងការសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី លើគម្រោងផ្តល់ហិរញ្ញប្បទានគាំទ្រដល់វិស័យវារីវប្បកម្ម។

ជាលទ្ធផល បណ្ឌិត កៅ ថាច បានចែករំលែកបទពិសោធជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី លើការផ្តល់ហិរញ្ញប្បទាន តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការគាំទ្រដល់វិស័យវារីវប្បកម្ម៕