(សៀមរាប)៖ សិស្សានុសិស្សចំនួន៧៥ នៃសាលាសិលាមាសនៃអង្គការក្តីសង្ឃឹម ដឹកនាំដោយលោក តាន់ គឹមម៉េង នាយកសាលាសិលាមាសនៃក្តីសង្ឃឹម បានទៅធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅទឹកដីខេត្តសៀមរាប នៅដើមខែមេសា ឆ្នាំ២០២២ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងស្វែងយល់អំពីប្រាង្គបាសាទនានា អំពីប្រវត្តិសាស្រ្ត អរិយធម៌ វត្ថុសិល្បៈ រូបចម្លាក់ និងវត្ថុបុរាណរបស់ជាតិនៅក្នុងតំបន់អង្គ។

បើតាមលោក តាន់ គឹមម៉េង បានឱ្យដឹងថា ក្រៅពីចង់ឱ្យសិស្សបានឃើញពីសមិទ្ធផលថ្មីៗ នៅលើទឹកដីនៃខេត្តសៀមរាប រួមទាំងផ្លូវទាំង ៣៨ខ្សែហើយនោះ សាលាចង់ឱ្យសិស្សានុសិស្សទាំងអស់ បានស្វែងយល់អំពីប្រាង្គបាសាទនានា អំពីប្រវត្តិសាស្រ្ត អរិយធម៌ វត្ថុសិល្បៈ រូបចម្លាក់ និងវត្ថុបុរាណរបស់ជាតិនៅក្នុងតំបន់អង្គរ។ ម្យ៉ាងទៀតចង់ឱ្យសិស្សានុសិស្សទាំងអស់ចេះស្រឡាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក និងចេះធ្វើការជាក្រុម ដោយមានការផ្លាស់ប្តូរបទពិសោធន៍អំពីបញ្ហាសង្គម វប្បធម៌ និងការអប់រំ។

លោកនាយកសាលារូបនេះបន្ថែមថា តាមរយៈទស្សនកិច្ចសិក្សាពីតំបន់អង្គរនេះ លោកសង្ឃឹមថា សិស្សានុសិស្សទាំងអស់ នឹងបានទទួលចំណេះដឹងជាច្រើនទាក់ទងនឹងការកសាងអង្គរ រចនាបថផ្សេងៗ ការថែរក្សាវត្ថុបុរាណ ប្រវត្តិសាស្ត្រ សាសនា រួមជាមួយចំណេះដឹងទាក់ទងនឹងការរីកចម្រើន នៃសិល្បៈខ្មែរក្នុងអំឡុងស.វ.ទី៧ ដល់ស.វទី១៣ នៃគ.ស.។

លោក តាន់ គឹមម៉េង បានបន្ថែមថា ដំណើរទស្សនៈកិច្ចនេះបានធ្វើឱ្យមានកិច្ចសហការល្អបន្ថែមទៀតរវាងគ្រូ និងសិស្ស និងការផ្លាស់ប្តូរបទពិសោធន៍អំពីបញ្ហាសង្គម វប្បធម៌ និងការអប់រំ គ្រូ សិស្ស និងនាយកសាលា បានរៀនសូត្រច្រើន ពីដំណើរទស្សនៈកិច្ចនេះដូចជា ការទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀតជាដើម។

លោកអះអាងថា ទោះបីជាមានដំណើរទស្សនៈកិច្ចនេះជាក្រុមដែលមានរហូតដល់ទៅ ៧៥នាក់ក៏ដោយ ក៏គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅតែបន្តចូលរួមរក្សាសុវត្ថិភាពអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារជានិច្ចផងដែរ៕