(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ និងលោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ និងជាប្រធានគណៈកម្មការគ្រប់គ្រង វិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រចេះក្រុង នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីរបស់ វិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រចេះក្រុង ដើម្បីចូលរួមអបអរសាទរក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ខាំ សុភាព បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ និងគណៈកម្មការគ្រប់គ្រងវិទ្យាល័យ ដែលបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តថ្ងៃ និងបង្ហាញពីការថែរក្សា និងលើកស្ទួយនូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏រុងរឿងរបស់ខ្មែរ។ បន្ថែមពីនេះ ក៏បានផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គីភាព ក្រោមបរិយាកាសសប្បាយរីករាយ។
យុវតីម្នាក់ដែលបានចូលរួមលេងកម្សាន្តក្នុងពិធីនោះ បានសម្តេងនូវក្តីសប្បាយរីករាយ ដោយបានលើកឡើងថា ពិធីនេះធ្វើឲ្យខ្លួនមានការយល់ដឹងបន្ថែមទៀត ព្រោះក្នុងបរិយាកាសសង្រ្កាន្តវិទ្យាល័យ ខូវ ប៊ុនស៊ុន នេះដោយមានរៀបចំតាំងបង្ហាញពីសម្ភារវប្បធម៌មួយចំនួន ដែលពាក់ព័ន្ធមេរៀនផ្សេងៗ ក្នុងកម្មវិធីសិក្សា។ ម្យ៉ាងទៀតធ្វើឲ្យមានភាពសប្បាយរីករាយមួយផ្នែកផងដែរ ដោយបានជួបមិត្តភក្ដិរួមជំនាន់ និងសិស្សានុសិស្សរួមគ្នាលេងកម្សាន្តល្បែងប្រជាប្រិយ៍ផ្សេងៗ និងរាំលេងតាមចង្វាក់ប្រពៃណីខ្មែរ។
គួរជម្រាបថា ក្នុងពិធីនេះមានការរៀបចំឲ្យកូនប្រុស ស្រី លាងជើងជូនឪពុកម្ដាយ ដើម្បីបង្ហាញពីកតញ្ញូភាពដល់ការថែទាំ ដែលឪពុកម្ដាយរបស់ខ្លួនបានខិតខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីនៅក្នុងផ្ទៃរហូតប្រសូតមកនឹងមកដល់ពេលនេះ ព្រមទាំងលេងល្បែងប្រជាប្រិយ៍ជាច្រើនប្រភេទ ពិសេសមានរបាំក្រឡាន ដែលទាក់ទងទៅនឹងផលិតផលរបស់ខេត្ត និងការសម្តែងរឿងអំពីប្រវត្តិនៃពិធីបុណ្យចូលឆ្នាំ គឺរឿង «កបិលព្រហ្ម និងធម្មបាលកុមារ» ផងដែរ៕