(កំពង់ធំ)៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយសហការី និងក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រីឧបត្ថម្ភជូនគ្រួសារកងទ័ពអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ចំនួន១៨គ្រួសារ ដែលរស់នៅជុំវិញទីតាំងបន្ទាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ច័ន្ទមុន្នី ដែលលោកទាំងទ្វេតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅចំពោះគ្រួសារកងទ័ព គ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋ ដែលមានជាភាពលំបាកខ្វះខាត នៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋក្រុមគ្រួសារអតីតយុទ្ធជន និងក្រុមគ្រួសារកងទ័ពទាំងអស់ ត្រូវអរគុណដល់សន្តិភាព និងត្រូវថែរក្សាការពារសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ឲ្យនៅគង់វង្សជារៀងរហូត និងបានអំពាវនាវដល់យោធិន គ្រួសារយោធិន គ្រួសារយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តនៅវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ។
អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ច័ន្ទមុន្នី ដែលបានឧបត្ថម្ភជូនគ្រួសារយោធិន គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតទាំង១៨គ្រួសារ នៅពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម, មីជាតិចំនួនមួយកេស, ឃីដមួយកញ្ចប់ដែលមាន ប៊ីចេង ប្រេងឆា ទឹកត្រីទឹកស៉ីអ៉ីវ ស្ករស ទឹកដោះគោ និងថវិកាមួយចំនួន។
ក្រុមគ្រួសារកងទ័ព គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជានិច្ចកាលតែងតែជួយដោះស្រាយនូវរាល់ការលំបាករបស់គាត់បានទាន់ពេលវេលា៕