(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១៤ ឲ្យយកចិត្តទុកដាក់ ណែនាំបន្តហាមដាច់ខាតការលេងល្បែងជះទឹក ឬបាញ់ទឹក ដាក់គ្នានៅតាមផ្លូវសាធារណៈ តំបន់រមណីយដ្ឋាន កន្លែងកំសាន្តសប្បាយ ទីវត្តអារាម និងកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ ដើម្បីបង្ការការពារការរីករាលដាល នៃជំងឺកូវីដ១៩។

លោក ឃួង ស្រេង ថ្លែងយ៉ាងដូច្នេះ ក្នុងពេលលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ នៅរដ្ឋបាលរាជធានីភ្នំពេញ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះនៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបានចាប់ផ្តើម បន្ទាប់ពីបានអាកខានប្រារព្ធពិធីនេះឲ្យបានធំដំ អស់រយៈ២ឆ្នាំកន្លងមកហើយ ដោយសារជំងឺជាសាកលកូវីដ១៩។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ក្រោមការប្តេជ្ញាចិត្តយ៉ាងមោះមុត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសបើកឲ្យមានការរៀបចំពិធី បុណ្យចូលឆ្នាំថ្មី និងការរៀបចំកម្មវិធីសប្បាយៗនៅតាមទីវត្តអាររាម និងកន្លែងសាធារណៈឲ្យបានល្អប្រសើរដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ។

តាមរយៈនេះ លោកបានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ក្នុងការទទួល រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅទីតាំងតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ ហើយនៅតាមវត្តទាំង១៥០ទូទាំងរាជធានីភ្នំពេញ ក៏ត្រូវរៀបចំកម្មវិធីទទួលទេវត្តាឆ្នាំថ្មី និងការរៀបចំកម្មវិធីកម្សាន្តសប្បាយ មានរាំច្រៀង លេងល្បែងប្រជាប្រិយខ្មែរ ដើម្បីទទួលអំណរទេវត្តាឆ្នាំថ្មី។

លោក ឃួង ស្រេង ជំរុញឲ្យរដ្ឋបាលខណ្ឌទាំង១៤ និងកងកម្លាំងចម្រុះ ត្រូវតែពង្រឹងវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់ នៅគ្រប់ទីកន្លែង កម្សាន្តសប្បាយភាព ដើម្បីធ្វើយ៉ាងណាបង្កើនភាពកក់ក្តៅ សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងគ្មានឧបសគ្គណាមួយ មករំខានឡើយ។ បន្ថែមពីនេះទៀត ត្រូវទប់ស្កាត់ឲ្យខាងតែបានការលេងបាញ់ទឹក ដោយវាពុំមានជាល្បែងប្រជាប្រិយខ្មែរឡើយ ហើយម្យ៉ាងទៀត អាចឆ្លងជំងឺកូវីដ១៩ ទៅតាមទឹកដែលបានបាញ់នោះ។

អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំសោភ័ណភាព តុបតែងលម្អភ្លើងចម្រុះពណ៌ នៅតាមដងផ្លូវ ទីវត្តអារាដម និងនៅតំបន់រម្មណីដ្ឋានវត្តភ្នំ ដើម្បីធ្វើយ៉ាងណាឲ្យទីតាំងទាំងអស់នោះ កាន់តែមានសម្រស់ស្រស់ស្អាត នាពេលរាត្រី ជាទីក្រុងស៊ីវិល័យ ដែលទទួលស្វាគមន៍ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មី។

ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃខាងមុខនេះកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ តាមរយៈនេះ ទាមទារឲ្យគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើកការងារសន្តិសុខ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ ឱកាសពេលបោះឆ្នោត។

លោកបានបញ្ជាក់ថា ចាប់ពីពេលនេះ ត្រូវគ្រប់ខណ្ឌទាំងអស់ ត្រូវរឹតបណ្តឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជានៅតាមទីតាំងស្នាក់ការគណបក្សនានា ដែលត្រូវមានកាតព្វកិច្ចការពារសន្តិសុខជូនពួកគាត់ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូន និងមានសុវត្ថិភាព៕