(កំពង់ធំ)៖ លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឲ្យម្ចាស់អាជីកម្មអចលនាទ្រព្យគ្រប់រូប ត្រូវធ្វើបណ្ណ័កម្មសិទ្ធអចលនាទ្រព្យ (ប្លង់រឹង) ជូនអតិថិជនដោយស្របច្បាប់ ដោយមិនតម្រូវឲ្យអ្នកទិញមានភាពរញ៉េរញ៉ៃផ្នែករដ្ឋបាល ឬបំពេញបែបបទឯកសារឡើយ គឺម្ចាស់គម្រោងជាអ្នកទទួលខុសត្រូវ។

ក្នុងពិធីសម្ពោធជាផ្លូវការ គម្រោងបុរីសុខសាន៨៨៨ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែមេស ឆ្នាំ២០២២នេះ លោក សេង ទៀង បានបន្តថា រដ្ឋបាលក្រុងត្រូវមានគម្រោង និងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍ ព្រោះនៅពេលដែលមានផែនការច្បាស់លាស់ធ្វើឲ្យប្រទេសជាតិ ក៏ដូចជាមូលដ្ឋាន និងមានការរីកចម្រើនឥតឈប់ឈរ។ ដូច្នេះអាជ្ញាធរត្រូវស្វះស្វែងរកអ្នកវិនិយោគតូចធំ មកអភិវឌ្ឍន៍មូលដ្ឋានដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសឲ្យពលរដ្ឋមានជីវភាពល្អប្រសើរ។

លោក សេង ទៀង បានផ្តាំផ្ញើដល់ម្ចាស់គម្រោងម្ចាស់បុរី៨៨៨ ដែលបានសាងសង់កន្លងមក និងបន្តសាងសង់បន្ថែមទៀត ដើម្បីធ្វើឲ្យអតិថិជនជឿជាក់ទៅលើគម្រោង ហើយសូមម្ចាស់គម្រោងទាំងអស់ ត្រូវគោរពច្បាប់ និងធ្វើតាមគំនូរប្លង់គម្រោង ដូចជាសំណង់ត្រូវមានភាពរឹងមាំ មានគុណភាពល្អ ផ្លូវថ្នល់ឲ្យធំទូលាយ ប្រព័ន្ធលូ ប្រព័ន្ធអគ្គិសនី កុំឲ្យគូរបានតែក្នុងគម្រោងប្លង់តែពិតប្រាកដខុសពីគម្រោង ប្រសិនមិនគោរពតាមច្បាប់ទេ នឹងប្រឈមមុខច្បាប់ជាធរមាន។

ជាមួយគ្នានេះ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា ក្រុងស្ទឹងសែនមានផែនការកំណត់យក សេណារីយ៉ូសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទីក្រុង មានចំនួន៥ដែលអាចមានកំណើនសេដ្ឋកិច្ចខ្ពស់។

ក្នុងនោះរួមមាន ទី១៖ មជ្ឈមណ្ឌលស្នូល (កណ្តាលក្រុង)៖ រដ្ឋបាល និងអភិបាលកិច្ច មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលដឹកជញ្ជូនចម្បង, ទី២៖ មជ្ឈមណ្ឌលរណបខាងជើង៖ រដ្ឋបាល មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថាប័ន មជ្ឈមណ្ឌលដឹកជញ្ជូនរង, ទី៣៖ មជ្ឈមណ្ឌលរណបខាងត្បូង៖ តំបន់តាំងទីលំនៅ ការអភិវឌ្ឍចម្រុះ, ទី៤៖ មជ្ឈមណ្ឌលជនបទខាងត្បូង៖ តំបន់តាំងទីលំនៅតម្លៃសមរម្យ មជ្ឈមណ្ឌលកសិ-ពាណិជ្ជកម្ម និងទី៥៖ មជ្ឈមណ្ឌលជនបទខាងលិច៖ តំបន់តាំងទីលំនៅតម្លៃសមរម្យ មជ្ឈមណ្ឌលកសិ-ពាណិជ្ជកម្ម។

ដោយឡែកក្រុងស្ទឹងសែន ក៏មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់លើវិស័យអចលនទ្រព្យ ហើយបច្ចុប្បន្នក្រុងស្ទឹងសែនមានគម្រោង វិនិយោគលើវិស័យនេះ ប្រមាណជា២០គម្រោង ក្នុងនោះមាន គម្រោងលក់ដីឡូត៍សម្រាប់លំនៅឋាន ផ្ទះល្វែង វិឡា បុរី ផងដែរ៕