(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានទទួលថវិកាពីសប្បុរជន៤ក្រុមផ្សេងគ្នា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា សម្រាប់បន្តប្រើប្រាស់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។

ពិធីប្រគល់-ទទួលជំនួយថវិកានេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា រីឯសប្បុរសជនទាំង៤ក្រុមដែលបានចូលរួមបរិច្ចាគថវិកាជាមួយកាកបាទក្រហម រួមមាន៖

ទី១. សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ចូលរួមបរិច្ចាគថវិកាចំនួន៥,០០០ដុល្លារអាមេរិក។

ទី២. អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច ចូលរួមបរិច្ចាគថវិកាចំនួន២,០០០,០០០ដុល្លារអាមេរិក។

ទី៣. លោក ហេង ឡុង និងលោកស្រី ចន ច័ន្ទលក្ខិណា ចូលរួមបរិច្ចាគថវិកាចំនួន៥,០០០ដុល្លារអាមេរិក។

ទី៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ចូលរួមបរិច្ចាគថវិកាចំនួន២០,០០០,០០០រៀល។

លោកស្រី អាន្នី សុខអាន បានឱ្យដឹងថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ គឺដើម្បីធ្វើឱ្យសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ប្រការនេះជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ។

សូមជម្រាបថា នាឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»