(ត្បូងឃ្មុំ)៖ ក្រុមការងារវិមានឈ្នះឈ្នះ បានដឹកនាំសិក្ខាកាមដែលជាកងទ័ពជើងគោក ចំនួន៩០រូបមកទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

ជាការចាប់ផ្តើម លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានប្រាប់ទៅកាន់សិក្ខាកាមថា មជ្ឈមណ្ឌលឯកសារកោះថ្ម ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។

មជ្ឈមណ្ឌលឯកសារកោះថ្ម ត្រូវបានដាក់ឲ្យដំណើរការប្រើប្រាស់ជាសាធារណៈចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្រោមការសហការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគោលបំណងដូចខាងក្រោម៖

*ទី១៖ ដើម្បីបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០
*ទី២៖ ដើម្បីពង្រឹងដល់ដំណើរការសន្តិភាព និងទប់ស្កាត់ជម្លោះនានាតាមរយៈកម្មវិធីអប់រំ។ កម្មវិធីអប់រំនេះ នឹងផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយដែលភាគច្រើនរស់នៅតាមជនបទបានចូលរួមរៀនសូត្រ
*ទី៣៖ លើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងការចែករំលែកអំពីរឿងរ៉ាវ ឬបទពិសោធន៍ផ្ទាល់ខ្លួន ដល់ក្មេងៗជំនាន់ក្រោយ
*ទី៤៖ ប្រមែប្រមូលរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងបទឧក្រិដ្ឋដែលបានបន្សល់ពីរបបខ្មែរក្រហម។

ជាកិច្ចបន្តលោក ឡុង ដានី បានដឹកនាំសិក្ខាកាមដើរទស្សនាពិព័រណ៍រូបថត ដែលបន្សល់ទុកពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០។ រូបថតទាំងនោះរួមមាន រូបថតបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដោយចាប់ផ្តើមចេញពីតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្រុកស្នួល ខេត្តក្រចេះ។

រូបថត នៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ដែលធ្វើឲ្យប្រជាជនកម្ពុជាប្រមាណ២លាននាក់បានស្លាប់។ រូបថតភ័ស្តុតាងមួយចំនួន អំពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមមកលើប្រជាជនកម្ពុជា។ រូបគំនូរបង្ហាញអំពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងចុងក្រោយគឺរូបថតស្តីអំពីការផ្តួចផ្តើមបង្កើតគោលនយោបាយឈ្នះឈ្នះរបស់ សមេ្តចតេជោ ហ៊ុន សែន នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងការទទួលបានសន្តិភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨។

កោះថ្ម គឺជាទីតាំងប្រវត្តិសាស្ត្រនៃដំណើរផ្សងគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់ផ្សេងទៀត រួមមាន៖ នុច ថន, ញឹក ហួន, ស៊ូ គឹមស្រ៊ាង ហៅ សាញ់ និង វ៉ា ប៉ោអ៊ាន ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទៅ២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់ទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ដោយបានធ្វើដំណើរចាកចេញពីទីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំទាំងយប់ឆ្ពោះទៅកាន់ស្រុកឡុកនិញ ខេត្តសុងប៊ែ (បច្ចុប្បន្នស្រុកឡុកនិញ ខេត្តប៊ិញហ្វឿក) ប្រទេសវៀតណាម។

លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពើប្រល័យពូជសាសន៍ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និយមន័យអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាមក្នុងគោលបំណងទប់ស្កាត់កុំឲ្យមានអំពើឃោរឃៅកើតឡើងម្តងទៀតនៅប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតនៅលើសកលលោក។

នៅចុងបញ្ចប់លោក ផេង ពង្សរ៉ាស៊ី បានចាក់បញ្ចាំងភាពយន្តឯកសារចំនួន២ដល់សិក្ខាកាម ដែលជាកងទ័ពជើងគោកបានទស្សនា គឺខ្សែភាពយន្តឯកសារស្តីពីដំណើររបស់សមមិត្ត ហ៊ុន សែន ទៅប្រទេសវៀតណាម ដើម្បីប្រមែប្រមូលកងកម្លាំងវាយបកមកលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងភាពយន្តមួយទៀត គឺខ្សែភាពយន្តស្តីអំពីមរតក និងការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។

លោក ផេង ពង្សរ៉ាស៊ី ក៏បានពន្យល់ណែនាំដល់សិក្ខាកាម ដែលជាកងទ័ពជើងគោកទាំងអស់អំពីសារសំខាន់ នៃការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងផលប៉ះពាល់ នៃអំពើប្រល័យពូសាសន៍ជាលក្ខណៈបុគ្គលម្នាក់ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

លោកស្រីឧត្តមសេនីយ៍ត្រី ខឹម បូណា នាយិការងសេនាធិការកងទ័ពជើងគោក បានលើកឡើងថា នៅពេលបានមកចូលរួមទស្សនកិច្ចសិក្សាជាប្រវត្តិសាស្រ្តដ៏អស្ចារ្យនេះ ដោយបានឃើញនូវភ័ស្តុតាងជាក់ស្តែង និងរូបថតប្រវត្តិសាស្ត្រនេះ ធ្វើឲ្យខ្លួនរំភើប និងក្តុកក្តួលនឹកដល់គុណបំណាច់សមេ្តចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ដូចគ្នានេះ លោកអនុសេនីយ៍ទោ ជុន សុធី ធ្វើការនៅការរិយាល័យទី៥ កងទ័ពជើងគោក បានបង្ហ្ាញក្ដីរំភើបរីករាយ ដែលមកធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលជាទីតាំងប្រវត្តិសាស្ត្រយោធាមួយ ដែលសមេ្តចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់ទៀត ធ្លាប់បានចាកចេញទៅប្រទេសវៀតណាម ដើម្បីប្រមែប្រមូលកម្លាំង និងរកជំនួយពីប្រទេសវៀតណាម ដើម្បីមករំដោះប្រទេសកម្ពុជាយើងឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកអនុសេនីយ៍ទោ ជុន សុធី ក៏មានការរីរាយដែរ ដែលក្រុមការងារវិមានឈ្នះឈ្នះ និងមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំទទួលស្វាគមន៍ និងធ្វើបទបង្ហាញយ៉ាងច្បាស់អំពីបណ្តុំរូបថត និងដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧៕