(ភ្នំពេញ)៖ វិទ្យាស្ថានជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្ដន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថាន ថាក់គ្លូប៊ល ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍។
ការចុះ MoU នេះ ក្នុងការសហការរួម ទៅលើ ១៖ ការចុះហាត់កាងាររបស់សិស្ស នៃវិទ្យាស្ថាន ថាក់គ្លូប៊ល, ២៖ ការផ្ដួមផ្ដើម អក្ខរកម្មឌីជីថល និង៣៖ កិច្ចសហប្រតិបត្តិការនានា នៅពេលអនាគតដែលជួយលើកកម្ពស់ សមត្ថភាពផ្នែកបច្ចេកវិទ្យា ដំណោះ ស្រាយបែបបច្ចេកវិទ្យា និង ការរីកលូតលាស់នៃសេដ្ឋកិច្ចឌីជីថល។
បន្ថែមពីនេះទៀត ក្រុមការងារ វិទ្យាស្ថាន ថាក់គ្លូប៊ល ក៏បានយកឱកាសនេះ សម្ដែងការគោរព និងណែនាំថ្នាក់ដឹកនាំគ្រប់រូប ទៅកាន់ក្រសួង និងវិទ្យាស្ថានជាតិ វិទ្យាសាស្រ្តបចេ្ចកវិទ្យា និងនវានុវត្ដន៍ ដើម្បីយល់ពីគ្នាឲ្យកាន់តែច្បាស់ ដែលជាការប្រសើរសម្រាប់ការ ធ្វើកិច្ចសហប្រតិបត្តិ នាពេលអនាគត ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា និងនុវានុវត្តន៍ ដើម្បីរួមចំណែក ក្នុងចក្ខុវិស័យសម័យឌីជីថល នៃប្រទេសកម្ពុជា និងដំណើរឆ្ពោះទៅក្លាយ ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ផងដែរ។
ចក្ខុវិស័យរបស់ វិទ្យាស្ថាន ថាក់គ្លូប៊ល គឺដើម្បីក្លាយជាវិទ្យាស្ថានដែលឈានមុខគេ ក្នុងការបង្កើតសមត្ថភាពបច្ចេកវិទ្យាប្រកួតប្រជែងខ្ពស់ នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងជាកន្លែងដែលអ្នកឆ្នៃប្រឌិតថ្មី កម្រិតអន្តរជាតិ ចាប់ផ្ដើមដំណើរ និងការសិក្សារបស់ពួកគេ។ វិទ្យាស្ថាន ថាក់គ្លូប៊ល ក៏មានបេសកកម្ម ផ្ដល់នូវគុណភាពល្អបំផុត នៃការបណ្ដុះបណ្ដាលក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា។ បច្ចុប្បន្ននេះ វិទ្យាស្ថាន ថាក់គ្លូប៊ល បានកំពុងផ្ដល់នូវ វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបច្ចេកវិទ្យា រយៈពេល១ឆ្នាំ ចំនួន៦មុខជំនាញ ដល់សិស្សសរុបចំនួន ២២៥នាក់។
ជំនាញទាំងនោះរួមមាន ការអភិវឌ្ឍន៍កម្មវិធី និងវេបសាយ (Web/App Development) ការរចនាUX/UI (UX/UI Design) ទីផ្សារឌីជីថល (Digital Marketing) សន្តិសុខសាយប័រ (Cyber Security) បញ្ញាសិប្បនិមិត្ត (Artificial Intelligence) និង ហិរញ្ញវត្ថុឌីជីថល (Financial Technology)។ សិស្សទាំងអស់ទទួលបានអាហាររូបករណ៍ពេញ ១០០ភាគរយ ដោយពួកគាត់ត្រូវបានឆ្លងកាត់ការជ្រើសរើស ជាច្រើនដំណាក់កាល ដោយមានការចូលរួមពីសំណាក់ភាគីជប៉ុនផងដែរ។
នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ វិទ្យាស្ថាន ថាក់គ្លូប៊ល ក៏នឹងមានថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត ដែលផ្ដោតសំខាន់ ទៅលើជំនាញ ទាក់ទងនឹង នវានុវត្តន៍ផ្នែកបច្ចេកវិទ្យាចុងក្រោយបង្អស់។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ វិទ្យាស្ថាន ថាក់គ្លូប៊លក៏បានបើកទទួលកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ន អប់រំ និងក្រុមហ៊ុន ឯកជនផងដែរ ដើម្បីផ្សារភ្ជាប់ខ្លួន ទៅកាន់វិស័យ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងពង្រីកវិសាលភាពទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់។ មកទល់ពេលនេះ វិទ្យាស្ថាន ថាក់គ្លូប៊ល មានដៃគូសហការសរុបចំនួន ១៥ស្ថាប័នរដ្ឋ និងឯកជន ហើយក៏មានបំណង សហការជាមួយ ២២ស្ថាប័ន បន្ថែមទៀតក្នុងឆ្នាំ ២០២២-២០២៣។
ដៃគូសហការនៃវិទ្យាស្ថាន ថាក់គ្លូប៊លមាន ២ប្រភេទ ដែលប្រភេទទី១ គឺស្ថាប័នរដ្ឋ និងឯកជន ដែលផ្ដោតសំខាន់ទៅ លើការចុះហាត់ការងារ ឱកាសការងារ សម្រាប់សិស្ស ដៃគូក្នុងវិស័យបច្ចេកវិទ្យា ភាពជាដៃគូនៃប្រព័ន្ធអេកូឡូស៊ី និងដៃគូប្រកបដោយនិរន្តរភាព។ ដៃគូសហការមួយប្រភេទទៀតនោះគឺ គ្រិះស្ថានអប់រំដែលផ្ដោត ទៅលើ ការផ្តល់សញ្ញាបត្ររួមគ្នា ការអភិវឌ្ឍកម្មវិធីសិក្សារួមគ្នា និងកិច្ចសហប្រត្តិការទូទៅ។
គូសបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ដោយព្រះរាជ្យក្រឹត្យ ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ ដើម្បីបំពេញបេសកកម្ម ជាសេនាធិការឲ្យរាជរដ្ឋាភិបាលលើការដឹកនាំ និងគ្រប់គ្រង វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត នៃព្រះរាជាណាចក្រកម្ពុជា។
វិទ្យាស្ថាន ថាក់គ្លូប៊ល ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ដោយទទួលបានការគាំទ្រពី ក្រុមអ្នកជំនួញ ជនជាតិជប៉ុន និងគ្រប់គ្រងដោយ អ្នកដឹកនាំ បញ្ញវន្ត វ័យក្មេងកម្ពុជា ដោយមានការគាំទ្រ និងការណែនាំពី សំណាក់បុគ្គលជាន់ខ្ពស់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍ ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕