(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំអគារ(A) សាលាខេត្តរតនគិរី ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត, ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរយ៉ាដាវ, ប្រធានពន្ធនាគារ, ប្រធានសាខាធនាគារជាតិខេត្ត, ប្រធានអង្គភាពបេឡាសន្តិសុខសង្គម, ប្រធានអង្គភាពក.ប.បខេត្ត, ប្រធានសាខាគយ និងរដ្ឋាករខេត្ត ព្រមទាំងប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។
ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈមួយចំនួន ដោយបានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ រួមមាន៖
* ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៣៣ របស់ក្រុមប្រឹក្សាខេត្ត។
* ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមីនា និងលើកទិសដៅការងារ២០២២ របស់រដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២២។
* ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
លោក ណាប់ ប៊ុនហេង បានឲ្យដឹងថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អឲ្យកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម ព្រមទាំងបានបង្ហាញ និងណែនាំចំណុចល្អៗបន្ថែមមួយចំនួនទៀត ទុកជាបទពិសោធន៍ការងារដល់សមាជិកសមាជិកា ក្នុងអង្គប្រជុំផងដែរ។
ជាមួយគ្នានោះលោក ញ៉ែម សំអឿន ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសលោក លោកស្រីក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញឲ្យការងាររដ្ឋបាលខេត្តរតនគិរី សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។
លោកអភិបាលខេត្ត ក៏បានជំរុញឲ្យមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ត្រូវសហការជាមួយក្រុមបច្ចេកទេស រៀបចំឯកសាររបាយការណ៍ ឲ្យបានរួចរាល់ត្រឹមត្រូវ មានន័យគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនអង្គប្រជុំក្នុងការពិនិត្យសម្រេច ទាំងប្រជុំសាមញ្ញ និងវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕