(ភ្នំពេញ)៖ នៅក្នុងឱកាសប្រារព្ធខួបឆ្នាំទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៦នេះ កាកបាទក្រហកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសជននានាសរុប ១៣,៤៣១,៦៦៨ដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានហៅការជួយឧបត្ថម្ភរបស់សប្បុរសជនដល់កាកបាទក្រហមកម្ពុជា គឺជាការចូលរួមចំណែក ដ៏ធំធេង ដើម្បីដោះស្រាយបញ្ហា និងផលលំបាករបស់ប្រទេសជាតិ ក៏ដូចជាជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាកផងដែរ។ សម្តេចតេជោ បានចាត់ទុកការឧបត្ថម្ភទាំងនេះ គឺជាសិល្បៈ នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងអ្នកគ្មានលទ្ធភាព និងអ្នកមានលទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ដល់សម្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានយកឱកាសប្រារព្ធខួប១៥៣ឆ្នាំ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនេះ អំពាវនាវទៅដល់សប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបទុក្ខលំបាក៕