(បាត់ដំបង)៖ មន្ត្រីអាវុធហត្ថខេត្តបាត់ដំបង បានរាយការណ៍ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភានេះថា ករណីក្រុមចោរប្លន់ប្រដាប់អាវុធនៅម៉ោង ៧៖២០នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំនុចភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយជនសង្ស័យចំនួន៥នាក់ ប្រដាប់ដោយកាំភ្លើងវែង១ដើម កាំភ្លើងខ្លី១ដើម និងដែកស្បែង១ ដោយជនសង្ស័យពាក់ម៉ាស៤នាក់ យកអត់ទ្រព្យសម្បត្តិមួយចំនួន។
មន្ត្រីអាវុធហត្ថដដែលបញ្ជាក់ទៀតថា សម្ភារៈដែលម្ចាស់ផ្ទះបាត់បង់រួមមាន៖ ខ្សែក១ខ្សែ ទម្ងន់១ដំឡឹង៥ជី, ខ្សែកមាស១ខ្សែទម្ងន់៤ជី, ខ្សែដៃមាស១ខ្សែទម្ងន់៥ជី, កងដៃប្លាកទីន១ខ្សែ (ទិញ២០០ដុល្លារ), លុយខ្មែរ៨ម៉ឺនរៀល, ទូរស័ព្ទដៃ Samsung ៣គ្រឿង, ទូរស័ព្ទ ហួវៃ១គ្រឿង និង ទូរស័ព្ទណូគាចុចពិល១គ្រឿង។ ចំណែកឯអ្នកឈ្មោះ សូត្រ សុខ ភេទស្រី អាយុ៣២ឆ្នាំ ដែលជាអ្នកមកលេងផ្ទះជនរងគ្រោះ ក៏បាត់បង់សម្ភារៈផងដែរ រួមមាន៖ ខ្សែកប្លាកទីន ១ខ្សែទម្ងន់៥ជី, កងដៃប្លាកទីន១ខ្សែ ទម្ងន់៥ជី និងលុយខ្មែរ ៣០ម៉ឺនរៀល។
បើតាមមន្ត្រីអាវុធហត្ថម្ចាស់ផ្ទះដែលចោរប្លន់ មានប្តីឈ្មោះ រ៉ើន រុន ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ប្រពន្ធឈ្មោះ ស៊ំ សៅហេង ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរលក់គ្រឿងសំណង់៕