(កំពង់ស្ពឺ)៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានដឹកនាំក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំសង្ក្រានក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ជាពិសេសបញ្ហាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ ដែលមកកំសាន្ត។
ពិធីនេះមានការចូលរួមពីសំណាក់អង្គភាពចំណុះរដ្ឋបាលជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរក្រុង/ស្រុក។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សានោះ លោក សរ សុពុត្រា បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ កងកម្លាំងទាំងត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ តាមទីសាធារណៈ ឲ្យទទួលសុវត្តិភាព១០០%។ ក្នុងនោះនៅតាមមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវសម្អាតតាមមន្ទីរ ផ្លូវសាធារណៈ ចងទង់ជ្វាលា និងបដាពាក្យស្លោក ព្រមទាំងតុបតែងផ្កាផ្ញើ ភ្លើងពណ៌ឲ្យមានលក្ខណៈល្អប្រសើរបំផុត ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋដែលមកទស្សនាក្នុងព្រឹត្តការណ៍ចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២២ នាពេលខាងមុខនេះ ឲ្យមានភាពអធឹកអធម ក្នុងនោះយើងក៏មានការរៀបចំនូវពិធីទទួលទេវតាឆ្នាំថ្មី និងកម្មវិធីផ្សេងៗជាច្រើនទៀត បន្ទាប់ពីបានអាក់ខានប្រារព្ធពិធីចំនួន២ឆ្នាំកន្លងទៅ ដោយសារការឆ្លងរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ-១៩នេះ៕