(ភ្នំពេញ)៖ នាវីវ័យក្មេងម្នាក់ រួមនឹងមិត្តភក្តិស្រីរបស់ខ្លួន បានបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្ត Highlander ពាក់ស្លាកលេខ 2S-2278 ពណ៌ត្រីឆ្លូញ ជ្រុលទៅបុកចូលឃ្លាំងលក់រថយន្ត យីហោ V-99 ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីុ ជាប់ផ្សារបាយ័ន សង្កាត់មនោរម្យ ខណ្ឌ៧មករា ជាប់ជាមួយសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យខូចទ្វារឃ្លាំងមួយផ្ទាំង និងខូចផ្នែកខាងមុខរថយន្ត Porche មួយគ្រឿងតម្លៃជិត១០មឺុនដុល្លារ។

ភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានរាយការណ៍ថា មុនដំបូងនារីអ្នកបើករថយន្ត បានធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សីុ ពីលិចទៅកើត ស្រាប់តែដល់មុខឃ្លាំង ទំនងច្រឡំជាន់ហ្គែរថា ហ្រ្វាំង ក៏ជ្រុលចង្កូតបូលចូលឃ្លាំងតែម្តង តែសំណាងល្អ គ្មានបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយកើតហេតុភ្លាមៗ នារីវ័យក្មេងអាយុប្រមាណ២០ឆ្នាំ តែមិនស្គាល់ឈ្មោះរូបនេះ បានទូរស័ព្ទហៅឪពុកម្តាយ និងញាតិរបស់ខ្លួន មកដោះស្រាយជាមួយម្ចាស់ឃ្លាំង តែមិនដឹងថា ត្រូវសងប៉ុន្មាននោះទេ៕