(សេអ៊ូល)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់កូរ៉េខាងត្បូង (KCDC) បានបញ្ជាក់ជាផ្លូវការនៅថ្ងៃសៅរ៍នេះថា មានករណីនៃមេរោគ Zika ត្រូវបានរកឃើញនៅលើស្ត្រីម្នាក់ ដែលទើបត្រឡប់មកពីដំណើរការកម្សាន្តនៅប្រទេសវៀតណាម ហើយនេះជាករណីទី៤ហើយ សម្រាប់កូរ៉េខាងជើង នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅមុននៅថ្ងៃទី០៧ ខែឧសភា។
KCDC បានបញ្ជាក់ថា ស្ត្រីវ័យ ២៥ឆ្នាំម្នាក់ បានទៅដំណើការកម្សាន្តនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចន្លោះពីថ្ងៃទី១០ ដល់៣០ ខែមេសា ហើយបានចូលមកកាន់ប្រទេសកូរ៉េខាងត្បូងវិញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។
តាមការបញ្ជាក់ពី KCDC បានឲ្យដឹងថា ស្ត្រីរូបនោះ បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Incheon កាលពីថ្ងៃទី០៤ ខែឧសភា ដើម្បីព្យាបាលបញ្ហាក្រពេញទីរ៉ូអ៊ីរ៉ាំង និងបញ្ហាឈតាមសន្លាក់ ហើយក៏បានធ្វើរោគវិនិច្ឆ័យ ក៏ស្រាបតែរកឃើញករណីមេរោគ Zika តែម្ដង។
គួរបញ្ជាក់ផងដែរថា ករណីជំងឺ Zika ត្រូវបានរកឃើញដំបូងនៅលើបុរសវ័យ ៤៣ឆ្នាំម្នាក់ កាលពីថ្ងៃទី២២ ខែមីនា និងពីរករណីទៀត នៅលើខ្លួនបងប្អូនប្រុសពីរនាក់ កាលពីថ្ងៃទី២៩ ខែមេសា បន្ទាប់ពីពួកគេបានត្រឡប់មកពីដំណើរការនៅប្រទេសហ្វីលីពីន៕