(ភ្នំពេញ)៖ ក្រោយមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបើកយុទ្ធការចែកទឹកនៅខេត្តចំនួន២ ក្នុងនោះមានខេត្តកំពង់ស្ពឺ និងខេត្តកំពត។
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ៥៦ នៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមន្រ្តីទាំងអស់ បើកយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះសម្តេចប្រកាសមិនឲ្យក្រសួងនានា ហៅអភិបាលខេត្តឡើងមកប្រជុំនៅភ្នំពេញឡើយ ដោយទុកពេលវេលា ឲ្យអភិបាលខេត្តទាំងអស់អន្តរាគមន៍ដឹកទឹកចែកជូនប្រជាពលរដ្ឋ។
សម្រាប់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីមានការអំពាវនាវនេះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តីក្រោមចំណុះ បើកយុទ្ធនាការចែកទឹកនៅតាមបណ្តាខេត្តចំនួន២៤ ទូទាំងប្រទេសកម្ពុជា លើកលែងតែរាជធានីភ្នំពេញមួយប៉ុណ្ណោះ។
មន្រ្តីផ្នែកផ្សព្វផ្សាយរបស់ក្រសួងឧស្សាហកម្ម បានផ្តល់ព័ត៌មានថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក ជួន វន រដ្ឋលេខាធិការនិងក្រុមការងារ បាននាំយកទឹកចំនួន ៤៤,០០០ លីត្រ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋជាង ២០០គ្រួសារ នៅភូមិព្នៅ និងភូមិខ្លែងពណ៌ត្បូង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកក្រុមការងាររបស់ក្រសួងនេះ ប្រចាំនៅស្រុកទឹកឈូ ក៏បានបើកយុទ្ធនាការចុះចែកទឹកជូនសិស្សានុសិស្ស សាលាបឋមសិក្សាច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូនេះ ជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃនេះដែរ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តំណាងឱ្យលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអភិបាល ព្រមទាំងមន្ត្រីរាជការខេត្តកែប បានចុះជួយគ្រួសារលោកមេឃុំអង្កោល ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍។ ក្នុងពេលចុះសំណេះសំណាលនោះ លោកបាននាំថវិកាមួយចំនួនរបស់ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជូនគ្រួសារគាត់ក្នុងការជួយចូលរួមចំណែកសម្រាលបន្ទុកព្យាបាលផងដែរ៕