(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីរំលឹកខួបទី១៥៣ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលនឹងត្រូវរៀបចំឡើង នៅស្នាក់ការកណ្តាល របស់កាកបាទក្រហមកម្ពុជា។
ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃ៨ ឧសភា ។ តាមសេចក្តីថ្លែងការណ៍ ខួបលើកទី១៥៣ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានបញ្ជាក់ថា ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា កាកបាទក្រហមកម្ពុជាបានឈានឆ្ពោះទៅ មុខរួចស្រេច ដោយឆ្លុះបញ្ចាំងអំពីការបំពេញតួនាទីដ៏មានសារសំខាន់ ទៅតាមបរិបទជាតិ-អន្តរជាតិ ដើម្បីនឹងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបម្រើនូវសកម្មភាពមនុស្សធម៌ និងដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងទៅតាមវិស័យស្នូល ទាំង៤នៃយុទ្ធសាស្រ្ត របស់កាកបាទក្រហមកម្ពុជា នោះគឺការគ្រប់គ្រងគ្រោះមហន្តរាយ ការអប់រំថែទាំ សុខភាពតាមសហគមន៍ ការលើកកម្ពស់គោលការគ្រឹះតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្ស ជាតិ និងវប្បធម៌អហិង្សា និងការអភិវឌ្ឍស្ថាប័ន អភិវឌ្ឍធនធាន ដើម្បីរួមចំណែជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ នៅគ្រប់ទីកន្លែងក្នុងគ្រប់កាលៈទេសៈ តាមទិសស្លោក ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា រួមកម្លាំងគ្នាដើម្បីមនុស្សធម៌ និងវប្បធម៌ចែករំលែកចាប់ផ្តើមពីខ្ញុំ៕