(កំពង់ចាម)៖ យោងតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមការណែនាំរបស់លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ឲ្យយកចិត្តទុកដាក់ និងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិជាក់ស្តែង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំកំលាំងកងរាជអាវុធហត្ថចំនួន៥០នាក់ រួមជាមួយលោកស្រីអភិបាលស្រុកកំពង់សៀម ផ្នែកសឹករងស្រុក កំលាំងនគរបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាស្រុក និងអាជ្ញាធរភូមិ.ឃុំ បានចុះជួយរុះរើ និងជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦។

ក្នុងឱកាសនោះឧត្តមសេនីយ៍ត្រី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន និងលោក ហ៊ុន ណេង ជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ទាំង២៣គ្រួសារ នៅឃុំអូរស្វាយ ស្រុកកំពង់សៀម និងបាននាំយកអំណោយរបស់លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម តាមរយៈលោកឧត្តមសេនីយ៍ត្រី សោ សាវឿន ឧបត្ថម្ភដល់គ្រួសារដែលរលំផ្ទះទាំងស្រុងចំនួន៣គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបានអង្ករចំនួន៥០គីឡូក្រាម ថវិកា១៥០,០០០រៀល សំភារៈប្រើប្រាស់មួយចំនួន និងជួយសាងសង់ផ្ទះឡើងវិញផងដែរ ចំណែកគ្រួសារដែលរបើកដំបូលចំនួន២០គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម និងសំភារៈមួយចំនួនសំរាប់ជួសជុលផ្ទះឡើងវិញ។

សរុបរួមមាន៖ ក្បឿងចំនួន ២៣៤សន្លឹក ស៊ីប្រូចំនួន ៤២សន្លឹក ស័ង្កសីចំនួន១០៣សន្លឹក សសរចំនួន១១ដើម ក្ដារកុំផ្លាកកេចំនួន ៣០សន្លឹក អង្ករចំនួន ៥៧៥គីឡូក្រាម។ សរុបជារួមអស់ថវិកាទាំងអស់ចំនួន ៧,៤៦០,០០០៕