(សៀមរាប)៖ សាលាអន្តរជាតិ ស្មាធ-ឃីដ (Smart Kids International School) នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ បានផ្ដល់ប័ណ្ណសរសើរ និងអាហាររូបករណ៍ដល់សិស្សជ័យលាភីគណិតវិទ្យាថ្នាក់ទី៩ ម្នាក់ ដែលបានប្រឡងជាប់ទូទាំងប្រទេស នាសម័យប្រឡងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ និងចែកប័ណ្ណសរសើរដល់សិស្សឆ្នើមថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យឆមាសទី១ ឆ្នាំសិក្សា២០១៥ ២០១៦ ។
លោក សេង ឡុង នាយកសាលាអន្តរជាតិ ស្មាធ- ឃីដ តំណាងឲ្យគណៈគ្រប់គ្រង និងបុគ្គលិកបានបញ្ជាក់ថា សិស្សជាប់ជ័យលាភីឈ្មោះ អន ឧសា ដែលកំពុងរៀននៅថ្នាក់ទី៩អា នៃវិទ្យាល័យអន្តរជាតិស្មាធ-ឃីដ សៀមរាប ដើម្បីឆ្លើយតបនឹងការខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមក្នុងការសិក្សា សាលាបានសម្រេចផ្ដល់ការលើកទឹកចិត្តនូវប័ណ្ណសរសើរ, អាហាររូបករណ៍ឆ្នាំសិក្សា២០១៦-២០១៧ រួមមានចំណេះទូទៅភាសាខ្មែរ និងភាសាអង់គ្លេស ១០០%, សម្ភារសិក្សា, ប្រាក់ ២០ម៉ឺនរៀល ក្នុងរយៈពេល១០ខែ, និងកញ្ចប់ទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី រយៈពេល ៤យប់និង៥ថ្ងៃ គិតជាទឹកប្រាក់សរុបប្រមាណជា ៤,៥០០ដុល្លារអាមេរិក ។ ក្នុងនោះ សាលាក៏បានលើកទឹកចិត្តជូននូវប័ណ្ណសរសើរ និងកាដូមួយចំនួនដល់សិស្សឆ្នើម អនុវិទ្យាល័យ និងវិទ្យាល័យ សម្រាប់ឆមាសទី១នេះផងដែរ ។
លោក ហុង ឧប្បុលវណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងនាមលោកប្រធានមន្ទីរ និងក្នុងនាមលោកផ្ទាល់ លោកសូមសម្ដែងនូវការគាំទ្រ និងបន្ដលើកទឹកចិត្តចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក សាលាអន្តរជាតិ ស្មាធ-ឃីដ ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអប់រំ និងបណ្ដុះបណ្ដាលនូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព។ ជាក់ស្ដែងនៅពេលនេះ សិស្សជាប់ជ័យលាភី អន ឧសា បាននាំមកនូវកិត្តិយសកេរ្តិ៍ឈ្មោះជូនដល់ខ្លួនឯង គ្រួសារ សាលា និងខេត្តសៀមរាបផងដែរ។ លោកបានសុំឲ្យលោកគ្រូ អ្នកគ្រូ បន្តផ្ដល់ការអប់រំបណ្ដុះបណ្ដាលចែករំលែកចំណេះដឹង ដល់សិស្សានុសិស្ស ប្រកបដោយគុណភាព ហើយសូមឲ្យសិស្សានុសិស្សបន្តការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាសិស្សល្អ សិស្សពូកែ និងប្រកបដោយចំណេះដឹង ចំណេះធ្វើ សីលធម៌ គុណភាព និងប្រសិទ្ធភាពខ្ពស់ ។
លោកនាយកសាលាក៏បានបញ្ជាក់ថា បច្ចុប្បន្នសាលានេះមានសិស្សសរុប ២,៦៩៥នាក់ ហើយកំពុងសិក្សាក្នុងកម្មវិធីចំណេះទូទៅភាសាខ្មែរកម្រិត អនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ១១៦នាក់។ សាលាបានបណ្ដុះបណ្ដាល និងអប់រំខាងចំណេះទូទៅភាសាខ្មែរ (ថ្នាក់ទី១-១២), ចំណេះទូទៅភាសាអង់គ្លេស (ថ្នាក់ទី១-៨), ភាសាបរទេសក្រៅម៉ោង (កម្រិតទី១-២៤), ក្នុងនោះសាលាក៏មានកម្មវិធីអប់រំកាយ និងកីឡា, តន្ត្រី, និងចំរៀងជាដើម។
គួរបញ្ជាក់ថា សាលាអន្តរជាតិ ស្មាធ-ឃីដ បានចាប់ផ្ដើមបើកទ្វារផ្ដល់សេវាអប់រំសិស្សានុសិស្សចាប់ពីខែមករា ឆ្នាំ២០០៩ ដោយមានការអនុញ្ញាត និងទទួលស្គាល់ពីក្រសួងអប់រំ ដែលមាន៤សាខា ក្នុងនោះ មាននៅ ខេត្តសៀមរាប ៣សាខា, រាជធានីភ្នំពេញ ១សាខា៕