(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៦នេះ បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្យល់កន្រ្តាក់ចំនួន ១៧ភូមិ ស្ថិតនៅក្នុងឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានទទួលអំណោយមនុស្សធម៏របស់អភិបាលខេត្តកំពង់ស្ពឺ លោក វីុ សំណាង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក អ៊ូ សំអួន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ប្រជាជនសរុប ១២១គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងនោះរងគ្រោះធ្ងន់ ១៩គ្រួសារ រងគ្រោះមធ្យម ១៨គ្រួសារ និងរងគ្រោះស្រាល ៨៤គ្រួសារ ត្រូវបានអញ្ជើញមកទទួលអំណោយទាំងអស់គ្នា។
អាជ្ញាធរបានបញ្ជាក់ថា សម្ភារៈដែលត្រូវទទួលនិងបានបែងចែកតាមកម្រិតរងគ្រោះ មានមុង ០១ ភួយ០១ ត្រីខ ០១កេះ មី០១កេះ អង្ករ២៥ គីឡូក្រាម ។
លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនៅការអាណិតអាសូរ ដល់បងប្អូនដែលបានរងគ្រោះដោយគ្រោះធម្មជាតិ ហើយអ្វីដែលបានកើតឡើងគឺជាការបំរែបំរួលអាកាសធាតុជាសកលនៅលើពិភពលោក មិនមែនមានតែកម្ពុជាយើងនោះទេ។
ដោយសារបែបនេះទើបបានប្រមុខរាជរដ្ឋាភិបាលសព្វថ្ងៃលោកបានដាស់តឿនដល់មន្ត្រីថ្នាក់ក្រោម ឲ្យមានការយកចិត្តទុកដាក់អំពីបញ្ហា សុខទុក្ខរបស់បងប្អូន និងទទួលយកកង្វល់បងប្អុនមកដោះស្រាយជាបន្ទាន់ផងដែរ ។
លោអភិបាលបានបញ្ជាក់ថាក្នុងនាមលោកជាថ្នាក់ដឹកនាំ ក៏ដូចជាគណបក្សប្រជាជនមិនបានសន្យា ខ្យល់ចំពោះបងប្អូននោះទេ ជាពិសេសជាងនេះការផ្តល់ជំនួយក៏មិនបានគិតពីនិន្នាការនយោបាយអ្វីនោះផងដែរ គឺចាត់ទុកបងប្អូនជាបង ជាប្អូន ជាខ្មែរ ជាជនរួមឈាម ហើយយើងជាពលរដ្ឋតែមួយចេះស្រឡាញ់សន្តិភាព និងស្ថេរភាពជាតិ រួបរួមជាតិតែមួយ។
តាមរយៈការដាក់ចេញយុទ្ធនាការដោះស្រាយបញ្ហាទឹករបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមេសា អាជ្ញាធរ កងកម្លាំង ប្រដាប់អាវុធ កាកបាទក្រហម មន្រ្តីគណបក្សប្រជាជនកម្ពុជា រួមនិងក្រុមហ៊ុនឯកជនផងដែរ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដឹកទឹកចែកជូនប្រជាពលរដ្ឋ ហើយតំបន់ខ្លះទៀត ក៏មានការជីកអណ្តូង ជីកស្រះទឹកជូនប្រជាពលរដ្ឋ៕